ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានសម្ពោធបើកដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ។ពហុកីឡដ្ឋានជាតិនេះ ជាជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនដល់កម្ពុជា ហើយជំនួយនេះមានកម្រិតខ្ពស់បំផុតក្នុងចំណោមជំនួយរបស់រដ្ឋាភិបាលចិនរហូតមកដល់បច្ចុប្បន្ននេះ។
ដូចការគម្រោងទុក នៅព្រឹកថ្ងៃទី១៨ ខែធ្នូនេះ ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់ចិនមកកាន់កម្ពុជាប្រមាណ១៥០ដុល្លារ បានប្រកាសសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ឯកឧត្តម Wang Wentian បានថ្លែងចាត់ទុក ថ្ងៃនេះជាថ្ងៃដ៏ពិសេសមួយក្នុងប្រវត្តិសាស្ត្រចំណងមិត្តភាពចិន-កម្ពុជា ហើយឯកឧត្តមជឿជាក់ថា ថ្ងៃនេះមិនត្រឹមតែជាថ្ងៃដែលរំពឹងទុករបស់អត្តពលិកកម្ពុជាក៏ដូចជាអ្នកចូលចិត្តវិស័យកីឡាប៉ុណ្ណោះទេ ក៏ជាការរំពឹងទុករបស់ប្រជាជនកម្ពុជាផងដែរ។ចិនសម្ដែងអំណរសាទរយ៉ាងកក់ក្តៅបំផុតចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ។
បើតាមឯកឧត្តម Wang Wentian គម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានដែលមានទ្រង់ទ្រាយធំបំផុតនិងមានកម្រិតខ្ពស់បំផុតក្នុងចំណោមជំនួយរបស់រដ្ឋាភិបាលចិនរហូតមកដល់បច្ចុប្បន្ននេះ។ហើយពហុកីឡដ្ឋាននេះគឺជាកាដូដ៏ថ្លៃថ្លារបស់ប្រជាជនចិនជូនចំពោះប្រជាជនកម្ពុជា ហើយនឹងក្លាយជាទីគំរូដ៏សំខាន់ដែលតំណាងឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិន និង កម្ពុជា។
ឯកឧត្តម Wang Wentian បានថ្លែងថា "ភាគីចិនតែងតែគោរពស្រឡាញ់រក្សាចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ រីករាយសហការជាមួយកម្ពុជា បន្តពង្រឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-កម្ពុជាឱ្យកាន់តែសម្បូរបែប ផ្តល់អត្ថប្រយោជន៍ជាក់ស្តែងកាន់តែច្រើនជូនដល់ប្រជាជនទាំងពីរ។ ភាគីចិនគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ហើយរីករាយបន្តផ្តល់ជំនួយសម្រាប់ការកសាងជាតិក្នុងប្រទេសកម្ពុជាតាមលទ្ធភាពដែអាចធ្វើទៅបាន។
គួរបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតតេជោ ត្រូវបានសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ធ្លាប់អញ្ជើញចូលរួមពិធីប្រកាសទទួល និងប្រគល់ រួមគ្នានូវវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីនារសៀលថ្ងៃទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ។
ពហុកីឡាដ្ឋានធំបំផុតរបស់កម្ពុជា គ្របដណ្តប់លើផ្ទៃដី ជាង១៦ហិកតា ផ្ទៃដីសាងសង់ប្រមាណ ៨ម៉ឺនម៉ែត្រការ៉េ ចំណាយថវិកាប្រមាណ ១៦០លានដុល្លា ពហុកីឡដ្ឋានអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ ម៉ឺននាក់៕