
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank, ADB) បាននិងកំពុងរៀបចំគម្រោងថ្មីមួយស្តីពី " ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព " ដែលនឹងអនុម័តនៅឆ្នាំ ២០២២ ហើយគ្រោងនឹងចំណាយថវិកាអស់ ១០០លានដុល្លារ។ គម្រោងនេះបង្កើតឡើងដើម្បីជំរុញការវិនិយោគលើតម្លៃជលផលប្រកបដោយសុវត្ថិភាព និរន្តរភាព និងខ្សែច្រវាក់តម្លៃ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជាដើម។
នៅក្នុងឱកាសិភាក្សាការងារអំពីគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកប ដោយនិរន្តរភាព (Sustainable Coastal and Marine Fisheries Project) ជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោក Anthony Gill នាយកស្តីទីនៃបេសកកម្ម ADB ប្រចាំកម្ពុជា បានឱ្យដឹងថា ADB បាននិងកំពុងរៀបចំគម្រោងថ្មីមួយស្តីពី " ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព (Sustainable Coastal and Marine Fisheries Project)" ដែលនឹងអនុម័តនៅឆ្នាំ ២០២២ ហើយគ្រោងនឹងចំណាយថវិកាអស់ ១០០លានដុល្លារ ក្នុងនោះបានមកពី ADB Loans ៥០លានដុល្លារ ASEAN Infrastructure Fund ១០លានដុល្លារ AFD ៣០លានដុល្លារ (Concessional Loan) និង ADB Grand Funds ១០លានដុល្លារ។
លោក Anthony Gill បានបញ្ជាក់ថាគម្រោងនេះ នឹងជួយវិស័យជលផលក្នុងការលើកកម្ពស់ការបន្សាំ និងកាត់បន្ថយដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ និងសមុទ្រ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផលនេសាទដែលធន់នឹងអាកាសធាតុ ការជំរុញការវិនិយោគលើតម្លៃជលផលប្រកបដោយសុវត្ថិភាព និរន្តរភាព និងខ្សែច្រវាក់តម្លៃ និងការផ្តល់ហិរញ្ញប្បទានសម្រាប់ការគ្រប់គ្រងការនេសាទសមុទ្រ។
លោកក៏បញ្ជាក់ដែរថា ចំពោះការអនុវត្តគម្រោង ភាគីទាំងពីរបានឯកភាពគ្នាថានឹងខិតខំពង្រឹងកិច្ចសហការធ្វើយ៉ាងណាឲ្យដំណើរការនៃការអនុវត្តប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ។
គួរបញ្ជាក់ថា ចំពោះគម្រោងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងក្លាយជាភ្នាក់ងារប្រតិបត្តិ ហើយរដ្ឋបាលជលផល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងក្លាយជាភ្នាក់ងារអនុវត្ត៕