Cctimesw1140xh150cm copy

កម្ពុជាអនុម័តទាំងស្រុងលើ“កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ(CKFTA)”

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចប្រជុំពេញគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ១៦ ធ្នូ ឆ្នាំ២០២១។ 

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៦ ធ្នូនេះ បានសម្រេចអនុម័តទាំងស្រុងលើ“កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ”។ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។កិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់កូរ៉េ បន្ថែមទៀតលើទំនិញដែលធ្លាប់នាំចេញកន្លងមក។

រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀង CKFTA នឹងពង្រីកបន្ថែមទៀតលើការធ្ចើសេរីភាវូបនីយកម្មទីផ្សាររវាងប្រទេសទាំងពីរ លើសពីក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និង លើសពីក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

ការផ្ដល់ទីផ្សាររបស់ភាគីកូរ៉េឲ្យមកកម្ពុជា ក្រោមកិច្ចព្រមព្រៀង CKFTA មានចំនួន ៩៥,០៣% ដែលក្នុងនោះភាគីកូរ៉េត្រូវលុបបំបាត់ពន្ធគយ (0%) ចំនួន ៩២,៣៧% ភ្លាមនៅពេលកិច្ចព្រមព្រៀងចូលជាធរមាន។ បើធៀបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលភាគីទាំងពីរជាសមាជិត កម្ពុជាទទួលបានទីផ្សារបន្ថែម៖ ៤,៣៥% ស្មើនឹង ៥៣៣ បន្ទាត់ពន្ធគយ ខ្ពស់ជាងក្របខ័ណ្ឌអាសិប (RCEP) (៩០,៦៨%) ,៥,១៣% ស្មើនឹង ៦១៨ បន្ទាត់ពន្ធគយ ខ្ពស់ជាងក្របខ័ណ្ឌអាស៊ាន-កូរ៉េ (AKFTA)(៨៩,៩៨%) និង ៥,១៣% ស្មើនឹង ៦២៨ បន្ទាត់ពន្ធគយ ខ្ពស់ជាង GSP ក្រោមក្របខ័ណ្ឌអង្គការ WTO (៨៩,៩០) សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)។

បើតាមរដ្ឋាភិបាលកម្ពុជា កិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ បន្ថែមទៀតលើទំនិញដែលធ្លាប់នាំចេញកន្លងមក និងមុខទំនិញយុទ្ធសាស្រ្ដសំខាន់ៗរបស់កម្ពុជាដទៃទៀត ក្នុងអត្រាពន្ធ 0% ដែលបានស្នើដោយអន្ដរក្រសួង-ស្ថាប័ន វិស័យឯកជន និងសមាគមពាក់ព័ន្ធសំខាន់ៗដូចជា៖ទំនិញឧស្សាហកម្ម រួមមាន៖ កង់ ជ័រកៅស៊ូ គ្រឿងបង្គុំអេឡិចត្រូនិច គ្រឿងសង្ហារឹម នំក្រៀម ស្ករស ស្ករអំពៅ ការបូបយួរដៃ វ៉ាលី ខ្សែភ្លើង ខ្សែកាបអេឡិចត្រូនិកអគ្គិសនី សម្ភារៈកីឡា របស់តុបតែងធ្វើពីវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងគ្រឿងបង្គុំកំព្យូទ័រ

ទំនិញកសិកម្ម រួមមាន៖ ម្រេច គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ដំឡូង ផ្សិត មអ្ឃុត ដូង ម្នាស់ ឪឡឹក ទុរេន ត្របែក រមៀត ពោត ថ្នាំជក់ គ្រាប់កាហ្វេ ប្រភេទសាច់ និងទំនិញ វារីវប្បកម្មមួយចំនួន។ លើសពីនេះ កម្ពុជាទទួលបានទីផ្សារអត្រាពន្ធ 0% លើទំនិញអាហារកែឆ្នៃពីអង្គ (គុយទាវ នំក្រៀម និងនំស្រួយ ផលិតពីអង្គ) និងប្រភេទទំនិញ កសិកម្មកែឆ្នៃ (សំបុកត្រចៀកកាំ ទំនិញកែឆ្នៃពីត្រី ផ្លែមៀន ទំនិញកែឆ្នៃពីដូង ជាដើម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះត្រូវការរយៈពេល៦០ថ្ងៃ បន្ទាប់ពីភាគីទាំងពីរជូនដំណឹងទៅវិញទៅមកតាមផ្លូវការទូតអំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងនៃការផ្តល់សច្ចាប័នរបស់ខ្លួន។ដូចនេះក្នុងគោលបំណងឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានបាននៅដើមឆ្នាំ២០២២ ដូចការគ្រោងទុកភាគីទាំងពីរបានឯកភាពគ្នាបញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួនឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះជាការប្រញាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង