
ហុងកុង ៖ ការសិក្សាថ្មីមួយបានរកឃើញថា កូវីដ១៩បំលែងខ្លួនថ្មី អូមីក្រុង អាចបង្កើនល្បឿន ៧០ ដងទៅក្នុងទងសួតមនុស្ស លឿនជាងកូវីដ១៩បំលែងថ្មីប្រភេទដែលតា ឬវីរុសដើម ប៉ុន្តែវាមិនមានរោគសញ្ញាធ្ងន់ធ្ងរទេ។
អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យហុងកុង បានបញ្ជាក់កាលពីថ្ងៃពុធថា ដោយសារសមត្ថភាពក្នុងការបញ្ជូនរបស់វាលឿនបែបនេះ អាចជាហេតុផលសម្រាប់ការឆ្លងកាន់តែលឿនរបស់អូមីក្រុង ទៅមនុស្ស។
ពួកគេសន្និដ្ឋាន បន្ទាប់ពីសិក្សាជាលិកាសួតពីអ្នកជំងឺ "នៅក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីការឆ្លងកូវីដ១៩បំលែងខ្លួនថ្មី អូមីក្រុង បានចម្លងប្រហែល ៧០ ដងខ្ពស់ជាងកូវីដ១៩បំលែងខ្លួនថ្មីប្រភេទដែលតា និងវីរុស SARS-CoV-2 ដើម"។
ទោះបីជាមានល្បឿននៃការចម្លងលឿនទៅក្នុងសួតមនុស្សលឿនជាងវីរុសដើមក៏ដោយ ក៏ការសិក្សាបានចង្អុលបង្ហាញពីមូលហេតុ ដែលជំងឺនេះហាក់ដូចជា មិនសូវធ្ងន់ធ្ងរចំពោះអ្នកដែលឆ្លងចុងក្រោយនេះ។
ការរកឃើញនេះមិនមានន័យថា សាធារណៈជនមិនគួរព្រួយបារម្ភពី អូមីក្រុង នោះទេ។ អ្នកស្រាវជ្រាវបានកត់សម្គាល់ថា "តាមរយៈការឆ្លងទៅមនុស្សជាច្រើនទៀត វីរុសដែលឆ្លងខ្លាំងអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់កាន់តែច្រើន ទោះបីជាក្នុងខ្លួនអ្នកជំងឺមិនសូវមានរោគសញ្ញាធ្ងន់ធ្ងរក៏ដោយ។"
ពួកគេបានកត់សម្គាល់ផងដែរថា ភាពធ្ងន់ធ្ងរនៃជំងឺនេះ ក៏ត្រូវបានកំណត់ដោយការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់មនុស្សចំពោះវា។ នៅក្នុងការស្រាវជ្រាវផ្សេងទៀត បានបង្ហាញថា អូមីក្រុង អាចកាត់បន្ថយភាពស៊ាំ ដែលផ្តល់ដោយវ៉ាក់សាំង និងការឆ្លងពីមុន ហើយការគំរាមកំហែងជាទូទៅពីកូវីដ១៩បំលែងខ្លួនថ្មីនេះ នៅតែចាំបាច់ណាស់៕