
ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៥ ធ្នូនេះ បានប្រកាសថា កំណើនសេដ្ឋកិច្ចកម្ពុជាបានបន្តងើបឡើងជាដំណាក់កាលៗ ក្រោយរាជរដ្ឋាភិបាលអាចគ្រប់គ្រងកូវីដបានល្អ ដោយវិស័យកសិកម្ម និងឧស្សាហកម្ម នៅកម្ពុជាមិនមានការធ្លាក់ចុះនោះទេ។
បើតាមសម្តេច ហ៊ុន សែន សម្តេចនៅតែរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅ ឆ្នាំ២០២១នេះ នឹងមានកំណើនជិត៣ភាគរយ ខណៈចំណូលជាតិកើនឡើងទោះបីជាមិនទាន់ងើបស្មើមុនកូវីដក៏ដោយ ពេលនេះយើងទទួលបាន៥០០ ទៅ៧០០ លានដុល្លារក្នុងមួយខែ ពេលកូវីដផ្ទុះខ្លាំងគឺធ្លាក់ចុះក្រោម៤០០លានដុល្លារ។
ការថ្លែងរបស់សម្តេច ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងពិធីអញ្ជើញសម្ពោធជាផ្លូវការសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងថវិកាវិនិយោគសរុប១៨០លានដុល្លារអាមេរិក៕