
ភ្នំពេញ៖ ក្រសួងកសិកម្មកម្ពុជា កំពុងតែពិនិត្យលទ្ធភាពផលិត និង លក្ខខណ្ឌចាំបាច់មួយចំនួន ដើម្បីនាំចេញត្រីប្រាពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ហើយជំរុញវារីវប្បករក្នុងស្រុកឱ្យចិញ្ចឹមត្រីប្រាបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈក្នុងការនាំចេញទៅទីផ្សារចិន។
លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផល បានប្រាប់ស៊ីស៊ីថាមស៍ បច្ចុប្បន្ននេះ សន្ទុះប្រជាជនកម្ពុជាក្នុងការចិញ្ចឹមត្រីប្រាកំពុងកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែក៏មិនទាន់មានការកើនឡើងគ្រប់ទៅតាមតម្រូវការដែលកម្ពុជាចង់បាននៅឡើយដែរ។ នៅក្នុងដំណើរការនាំចេញនេះ ក្រសួងកសិកម្ម និងរដ្ឋបាលជលផល ក៏កំពុងពិនិត្យលទ្ធភាពផលិត និងលក្ខខណ្ឌចាំបាច់មួយចំនួនដូចជា គុណភាព សុវត្ថិភាព និងអនាម័យជាដើម។
បើតាមលោក អ៊ឹង ទ្រី កសិករកម្ពុជាក៏កំពុងអនុវត្តន៍ស្តង់ដាររបស់អាស៊ាននៅក្នុងការចិញ្ចឹមត្រីប្រានេះផងដែរ ហើយបច្ចុប្បន្នកសិករ ក៏មានបទពិសោធន៍ និង បច្ចេកទេសក្នុងការចិញ្ចឹមច្បាស់លាស់ សម្រាប់ការងារនាំចេញផងដែរ។
ក្រៅពីប្រទេសចិន កម្ពុជានៅតែបន្តការស្វាគមន៍ជានិច្ច ចំពោះបណ្តាប្រទេសនានាដែលមានបំណងចង់ទិញត្រីប្រាពីកម្ពុជា ហើយកម្ពុជានឹងពង្រឹងការចិញ្ចឹមត្រីប្រាឱ្យកាន់តែមានស្តង់ដារ និងបង្កើនទិន្នផលឱ្យគ្រប់តាមតម្រូវក្នុងស្រុក និងក្រៅស្រុក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ ថា ភាគីចិនកំពុងសិក្សាអំពីលទ្ធភាពនៃការនាំចេញត្រីប្រា និងមៀនទៅកាន់ទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខនេះ៕