Yearendyearend1140x150

វិស័យដឹកជញ្ជូនកម្ពុជាផ្តើមដំណើរការឡើងវិញ៩០ភាគរយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ការដឹកជញ្ជូននៅកំពង់ស្វយ័តនាពេលកន្លងទៅ

ភ្នំពេញ៖ បច្ចុប្បន្ននេះ វិស័យដឹកជញ្ជូនកម្ពុជាផ្តើមដំណើរការឡើងវិញបាន៩០ភាគរយហើយ រីឯក្រុមហ៊ុនមួយចំនួនទៀតក៏កំពុងតែរៀបចំឡើងវិញជាបណ្ដើរៗផងដែរ។ ដំណើរការនេះមានឡើងក្រោយស្ថានភាពកូវីដ-១៩នៅក្នុងកម្ពុជាមានសភាពធុរស្រាលជាងមុន។

លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ បច្ចុប្បន្ននេះ សកម្មភាពនៃការនាំចេញរបស់កម្ពុជា គឺមានស្ទើរតែគ្រប់ប្រទេសដែល កម្ពុជាធ្លាប់បាន ធ្វើសហប្រតិបត្តិការ ក៏ដូចជាធ្វើពាណិជ្ជកម្មជាមួយកន្លងមកដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ចិន និង បណ្តាប្រទេសអាស៊ានមួយចំនួនទៀត។

លោកបញ្ជាក់ថា ជារួមការដឹកជញ្ជូននៅកម្ពុជានៅតែដំណើរការធម្មតា គ្រាន់តែមានការខ្វះខាតទូរកុងទឺន័រសម្រាប់ដឹកតែប៉ុណ្ណោះ ដោយសារប្រទេសមួយចំនួនកាត់បន្ថយនូវសេវាកម្មលើក-ដាក់ ឬកាត់បន្ថយកម្មករលីសែងជាដើម ដូចនេះកុងតឺន័រ និងកប៉ាល់មួយចំនួនដែលដឹកពីកម្ពុជាទៅមានការកកស្ទះនៅប្រទេសក្រៅ។

លោកបន្តថា មកទល់ពេលនេះ ទាក់ទងនឹងតម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស គឺនៅតែបន្តកើនឡើងដដែល ជាពិសេស ចំពោះការដឹកជញ្ជូនឆ្លងទ្វីប ដូចជាអឺរ៉ុប អាមេរិកនិងប្រទេសឆ្លងទ្វីបផ្សេងៗទៀត ដែលតម្លៃនៃការដឹកជញ្ជូនឡើងខ្ពស់ហួសហេតុ រហូតដល់ជិត១០ដងធៀបនឹងតម្លៃដឹកជញ្ជូនមុនកូវីដ។

លោកក៏បានបញ្ជាក់ដែរថា ការឡើងថ្លៃខ្លាំងនេះដោយសារការខ្វះខាតទូកុងទឺន័រដឹក។ ចំពោះតម្លៃដឹកជញ្ជូនក្នុងតំបន់ក៏មានការឡើងថ្លៃដែរ ប៉ុន្តែអាចទទួលយកបាន។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ២ ធ្នូ បានអះអាងថា បន្ទាប់ពីការបើកប្រទេសឡើងវិញនេះ ចំណូលជាតិមានការកើនឡើងយ៉ាងច្បាស់ទាំងនៅក្នុងទីក្រុងកំពង់ផែ ផ្នែកគយ ព្រោះតម្រូវការក្នុងស្រុកមានច្រើន តម្រូវការនាំចូលក៏កើនឡើង។ មួយវិញទៀត បន្ទាប់ពីបានប្រើប្រាស់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាក្នុងអត្រាជាង៨៨ភាគរយ កម្ពុជាមានឱកាសបើកឡើងវិញនូវវិស័យទាំងអស់ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង