
ភ្នំពេញ៖ ភ្ញៀវបរទេសដែលបានចូលមកកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងរយៈពេលចុងក្រោយនេះ មានការកើនឡើងរហូតដល់ជាង៧០០នាក់ក្នុងមួយថ្ងៃ ក្នុងនោះមានទាំងអ្នកដំណើរ និងភ្ញៀវទេសចរ។ ការកើនឡើងនេះ កើតមានឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ ។
ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអះអាងថា នៅទូទាំងប្រទេសកម្ពុជា ក៏មានការកើនឡើងជើងហោះហើររហូតដល់២៨ជើងក្នុងមួយថ្ងៃ ក្នុងនោះនៅអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ ក៏បានកើនឡើង៩ជើងក្នុងមួយថ្ងៃផងដែរ។
បើតាមឯកឧត្ដម ថោង ខុន កម្ពុជាបានដាក់គោលដៅខេត្តព្រះសីហនុនជាតំបន់សេដ្ឋកិច្ចពហុបំណង ក្នុងនោះរាជរដ្ឋាភិបាលក៏មានគម្រោងអភិវឌ្ឍន៍ច្រើនទៀតនៅក្នុងខេត្តព្រះសីហនុ ក៏មានផែនការទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនលាននាក់ ការពង្រីកសមត្ថភាពរបស់អាកាសយានដ្ឋានកងកេងដែលអាចឱ្យយន្តហោះខ្នាតធំចុះចតបាន។
គួរបញ្ជាក់ថា យោងតាមអាកាសចរស៊ីវិល បានឱ្យដឹងថា ចាប់ពីខែធ្នូ ឆ្នាំ២០២១ ទៅ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ ក្នុងនោះមាន ក្រុមហ៊ុន Thai Smile Airways មកពីបាងកក (៤ជើង/សប្តាហ៍) , Bangkok Airways មកពីបាងកក (៧ជើង/សប្តាហ៍), Thai Air Asia មកពីបាងកក (៣ជើង/សប្តាហ៍), Philippines Airlines មកពីម៉ានីឡា (១ជើង/សប្តាហ៍), Cathay Pacific Airways មកពីហុងកុង (១ជើង/សប្តាហ៍)។
សម្រាប់ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមហ៊ុន Singapore Airlines ក៏បានស្នើសុំបន្ថែមជើងហោះហើរ ឡើងដល់១៤ជើង/សប្តាហ៍ លើដំណាក់ផ្លូវ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ព្រមទាំងបានស្នើសុំហោះហើរឡើងវិញលើដំណាក់ផ្លូវ សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន៧ជើង/សប្តាហ៍ ក្នុងនោះក៏មានក្រុហ៊ុនអាកាសចរណ៍ក្នុងស្រុក ( Lanmei Airlines) នឹងធ្វើការហោះហើរ លើដំណាក់ផ្លូវ ភ្នំពេញ-សៀមរាប-បាងកក ចំនួន២ជើង/សប្តាហ៍។
ចាប់ពីខែធ្នូ ឆ្នាំ២០២១ទៅ ចំនួនជើងហោះហើរសរុបនឹងមានការកើនឡើងក្នុង១សប្តាហ៍រហូតដល់៤៣ជើង/សប្តាហ៍ ធៀបទៅនឹងខែមុន(ខែតុលា ឆ្នាំ២០២១) គឺមានការកើនឡើង១៦% (កើនឡើងពី៣៧ជើង ទៅ៤៣ជើង/សប្តាហ៍) គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆកា ឆ្នាំ២០២១៕