
ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា បើពុំមានការត្រួតពិនិត្យច្បាស់លាស់ទេ ខាងសមាគមនឹងមានការព្រួយបារម្ភចំពោះការនាំចូលសាច់ក្លាស្សេដែលមិនល្អមកកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគ ក៏ដូចជាកសិករចិញ្ចឹមសត្វក្នុងស្រុក។ ការព្រួបារម្ភនេះកើតមានបន្ទាប់ពីក្រសួងកសិកម្មបានសម្រេចអនុញ្ញាតឱ្យនាំចូលសាច់ក្លាស្សេពីក្រៅប្រទេសសរុបចំនួន៨៩០តោន សម្រាប់ផ្គត់ផ្គង់ទីផ្សារកម្ពុជារយៈពេល១ឆ្នាំ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា សព្វថ្ងៃនេះ សាច់ក្លាស្សេគឺមានច្រើនគួរសមនៅតាមបណ្តាផ្សារទំនើបធំៗ ហើយខាងសមាគមចិញ្ចឹមសត្វកម្ពុជាក៏មានកន្លែងលក់សាច់ក្លាស្សេស្តង់ដារ ក៏ដូចជាមានក្រុមហ៊ុនឯកជនទាំងក្នុងស្រុកនិងក្រៅស្រុកដែលសហការគ្នាក្នុងការផ្គត់ផ្គង់ចំពោះប្រភេទសាច់ក្លាស្សេនេះសម្រាប់ភ្ញៀវបរទេស និងភ្ញៀវខ្មែរផងដែរ។
លោកបន្តថា ដោយឡែក ចំពោះប្រជាជនខ្មែរគឺមិនសូវចូលចិត្តបរិភោគប្រភេទសាច់ក្លាស្សេ ឬសាច់បង្កកនេះទេ ព្រោះពេលខ្លះសាច់ក្លាស្សេដែលនាំចូលពីក្រៅប្រទេស អាចមានប៉ះចំសាច់សត្វជ្រូក ឬមាន់ដែលឈឺងាប់ ហើយប៉ះពាល់បល់អ្នកបរិភោគក្នុងស្រុក ដូចនេះប្រជាជនខ្មែរចូលចិត្តទិញសាច់ស្រស់ៗដែលកាប់លក់លើទីផ្សារមកចម្អិនបរិភោគច្រើនជាង។
ទន្ទឹមនឹងនេះ ខាងសមាគមចិញ្ចឹមសត្វកម្ពុជាក៏មិនគាំទ្រឱ្យមានការនាំចូលសាច់ក្លាស្សេពីក្រៅប្រទេសដែរ ព្រោះការនាំចូលនេះបានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់កសិករក្នុងស្រុក ហើយក៏មិនមានហេតុផលណាដែលកម្ពុជាខ្វះខាតការផ្គត់ផ្គង់សាច់រហូតទាល់តែត្រូវនាំចូលនោះដែរ។
គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុន អេស ភី ណានូ 168 ឯ.ក នាំចូលសាច់ក្លាស្សេដូចជា សាច់មា់ សាច់គោ សាច់ទា គ្រឿងក្នុងស្រុសជ្រូក និងប្រហិត សរុបចំនួន៨៩០តោន ពីបរទេសមកផ្គត់ផ្គង់ទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ តាមច្រកទ្វារអន្តរជាតិ និងច្រកផ្លូវការផ្សេងៗទៀតដែលរាជរដ្ឋាភិបាលបានអនុញ្ញាត៕