
ភ្នំពេញ៖ តាមរយៈទិន្នន័យពីសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ (មិនរាប់បញ្ចូលទិន្នន័យធនាគារ) វិស័យមីក្រូហិរញ្ញវត្ថុមានការកើនឡើងទាំងប្រាក់បញ្ញើ និងឥណទានក្នុងត្រីមាសទី៣ ឆ្នាំ២០២១។ នេះបើតាមការលើកឡើងរបស់លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានភាពមីក្រូហិរញវត្ថុកម្ពុជា។
លោក កាំង តុងងី បានថ្លែងថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២១ ឥណទានបានកើនឡើងរហូតដល់ ៨.២១៨ លានដុល្លាសហរដ្ឋអាមេរិក ដោយកើនឡើងប្រមាណ ៦០០ លានដុល្លាសហរដ្ឋអាមេរិកបើធៀបនឹងត្រីមាសមុន ខណៈចំនួនអតិថិជនកម្ចីបានកើនឡើងដល់ ២.០២៨.៨៨២នាក់ ដោយកើនឡើង ៥១.១១៦នាក់បើធៀបនឹងត្រីមាសទី២ក្នុងឆ្នាំ២០២១។
លោក កាំង តុងងី បានឲ្យដឹងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមិនទាន់មានរបាយកាណ៍លម្អិតស្តីពីការគោលបំណងនៃប្រាក់ឥណទានរបស់អតិថិជននៅឡើងទេ ប៉ុន្តែអាចប៉ាន់ប្រមាណថាមិនមានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ បើធៀបនឹងឆ្នាំ២០២០។

លោក កាំង តុងងី បានបន្តថា ចំពោះចំនួនអតិថិជនដែលដាក់ប្រាក់បញ្ញើក៏មានការកើនឡើងដល់ចំនួន ២.៨៤៩.៣៤៤នាក់ ពោលគឺកើនឡើងចំនួន ៣៣.៦៨៦នាក់ ធៀបនឹងត្រីមាសទី២ ខណៈបរិមាណប្រាក់បញ្ញើបានកើនឡើងដល់ ៤.០៧៣លានដុល្លាសហរដ្ឋអាមេរិក ពោលគឺកើនឡើងចំនួន ១៩០លានដុល្លាសហរដ្ឋអាមេរិកធៀបនឹងត្រីមាសទី២។
លោក កាំង តុងងី បានបញ្ជាក់ថា ការកើនឡើងនេះអាចជាសញ្ញាណបង្ហាញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ដោយសារតម្រូវការឥណទានក្នុងការចាប់ផ្តើមឬ ពង្រីកអាជីវកម្ម។ យ៉ាងណាក្តីសមាគមមីក្រូហិរញ្ញវត្ថុ នឹងបន្តតាមដានដោយយកចិត្តទុកដាក់នូវនិនាការណ៍ផ្សេងៗក្នុងវិស័យ ដើម្បីការពារផលប៉ះពាល់ណាមួយដែលអាចនឹងកើតឡើងជាយថាហេតុ៕