Yearendyearend1140x150

អាជ្ញាធរជាតិអប្សរានឹងរៀបចំពិធីនៅមុខភ្នំបាខែងដើម្បី«រំឭកគុណអង្គរ»ជាលើកដំបូង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពិធីបួងសួងត្រៀមរៀបចំចំព្រឹត្តិការណ៍ «រំលឹកគុណអង្គរ»។

សៀបរាម៖ អាជ្ញាធរជាតិអប្សរានឹងរៀបចំព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ជាលើកដំបូងនៅមុខភ្នំបាខែង មុខប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូនេះ ដើម្បីរំលឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រ ព្រះមហាក្សត្រីជំនាន់មុន ដែលបានកសាងសំណង់ប្រាសាទជាច្រើនក្នុងរមណីយដ្ឋានអង្គរ។

ភ្នំបាខែង កសាងឡើងដោយ ព្រះបាទយសោវរ្ម័នទី១ ក្នុងឆ្នាំ ៩០៧ នៃ គ.ស និង ចាត់ទុកប្រាសាទជា ភ្នំមេរុ ដើម្បីឧទ្ទិសដល់ព្រហ្មណ៍សាសនា ថ្វាយព្រះឥសូរ។មូលហេតុអាជ្ញាធរជាតិអប្សរាជ្រើសរើសយកទីតាំងនេះ គឺដោយសារ ភ្នំនេះជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយ ភ្ជាប់ដោយផ្លូវបុរាណមួយពីភ្នំបាខែងនេះទៅអតីតរាជធានីហរិហរាល័យ។

ឯកឧត្តម ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរនឹងមានកម្មវិធីសាសនា ការសម្ដែងសិល្បៈនៅពេលរាត្រី និង ស្ដង់ពិព័រណ៍បង្ហាញពីការងារ និងសមិទ្ធផលការងារទូទៅដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន ដើម្បីកិច្ចការអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ ដែលជាមរត៌កបេតិកភណ្ឌពិភពលោក។

ឯកឧត្តម ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា

បើតាមឯកឧត្តម ជុំ សុភមករា ឆ្នាំនេះជាឆ្នាំសាកល្បង ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំចាប់ពីឆ្នាំ២០២២តទៅ ក្នុងគោលបំណងដើម្បីរំលឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រ ព្រះមហាក្សត្រីជំនាន់មុន ដែលបានកសាងសំណង់ប្រាសាទជាច្រើនក្នុងរមណីយដ្ឋានអង្គរ និងអ្នកគ្រប់គ្រង អភិរក្ស ជួសជុល ថែទាំ រក្សាសំណង់ប្រាសាទអង្គរគ្រប់ជំនាន់ ដើម្បីជាសារប្រយោជន៍សម្រាប់សង្គមជាតិរហូតដល់បច្ចុប្បន្ន។

ជាមួយគ្នានោះ ក្នុងព្រឹត្តិការណ៍នេះ ក៏នឹងបើកឱកាសដល់សាធារណជនអាចចុះឈ្មោះ ដើម្បីទស្សនកិច្ចស្វែងយល់អំពីការងារនៅតាមការដ្ឋានជួសជុលប្រាសាទនានាដែលអាជ្ញាធរជាតិអប្សរាកំពុងដំណើរការផងដែរ។ បន្ថែមលើសនេះ សាធារណជនក៏អាចដឹងកាន់តែច្បាស់ពីកិច្ចការអភិរក្ស និង អភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព។

គួរបញ្ជាក់ថា បើតាមគម្រោងព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» នឹងមានការអញ្ជើញចូលរួមជាអធិបតីពីលោកជំទាវម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច,លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:,លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀវ ចាន់ហេង ដែលគេស្គាល់ថាបានបរិច្ចាគធនធានដោយសទ្ធារបស់លោកជំទាវ ដើម្បីចូលរួមជាមួយអាជ្ញាធរជាតិអប្សរា នៅក្នុងគម្រោងជួលជុលបេតិកភណ្ឌ វត្ថុសិល្បៈនានានៅក្នុងរមណីយដ្ឋានអង្គរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង