
ភ្នំពេញ៖ក្រុមការងារចុះពិនិត្យ និង ស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាបដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានសម្រេចដកហូតដីទន្ទ្រានមកវិញជាង២០០០ហិកតាក្នុងខេត្តកំពង់ឆ្នាំងមកធ្វើជាកម្មសិទ្ធិរបស់រដ្ឋវិញ។ការសម្រេចនេះ ធ្វើឡើងក្រោយពីក្រុមការងារចុះបង្ក្រាបនៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃ២៩-៣០ វិច្ឆិកានោះ។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រោយពីមានបទញ្ជាពីសម្តេច ហ៊ុន សែន ក្រុមការងារចុះពិនិត្យ និង ស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាបដឹកនាំដោយឯកឧត្តម ជា សុផារ៉ា បានកំណត់គោលដៅចុះស្រាវជ្រាវក្នុងខេត្តចំនួន៦ជុំវិញបឹងទន្លេសាប ហើយខេត្តកំពង់ឆ្នាំងជាខេត្តដំបូងគេដែលក្រុមការងារចុះស្រាវជ្រាវ បន្ទាប់មកខេត្តកំពង់ធំ។
លោក សេង ឡូត ជាជំហានដំបូងនៃការចុះស្រាវជ្រាវក្នុងខេត្តកំពង់ឆ្នាំង ស្រុកកំពង់លែង ក្រុមការងារនៃក្រសួងដែនដី បានសម្រេចដកហូតដីទន្ទ្រានមកវិញជាង ២១០០ហិកតា ពីមនុស្សចំនួន១៥នាក់ ដោយមនុស្សទាំង១៥នាក់នោះ គឺបានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹកនោះមករដ្ឋ។
ឆ្លើយនឹងសំណួរថា តើមនុស្ស១៥នាក់នោះ មានមន្ត្រីរដ្ឋាភិបាលដែរឬទេ? អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានអះអាងថា យោងតាមបញ្ជី គឺគ្មានមន្ត្រីក្នុងជួររដ្ឋាភិបាលនោះទេ ពោលគឺឈ្មោះសុទ្ធតែជាប្រជាពលរដ្ឋទាំងអស់។លោកថា បច្ចុប្បន្នក្រសួងកំពុងស្រាវជ្រាវបន្ថែមទៀត ចំពោះករណីនេះ។
ទាក់ទងដីទន្ទ្រានជាង ២០០០ហិចតា លោក សេង ឡូត បានថ្លែងថា ក្រុមការងារលោកកំពុងរៀបចំជាលិខិតដាក់ស្នើទៅការប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់ដីព្រៃទាំងអស់នោះរក្សាទុកជាដីរបស់រដ្ឋវិញ។
សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។
បទបញ្ជានេះធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង ដែលត្រូវមានការដោះស្រាយ និង ចាត់វិធានការជាបន្ទាន់។
របាយការណ៍មួយបានចេញផ្សាយ ក្នុងចំណោមមនុស្សដែលលួចចូលទន្ទ្រានដីព្រៃលិចទឹកនៅបឹងទន្លេសាបក៏មានជាប់ពាក់ព័ន្ធជាមួយមន្ត្រីនគរបាល ទាហាន និងប្រជាពលរដ្ឋរួមមាន លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង, លោកវរសេនីយ៍ទោ កែវ ណារុន នាយការិយាល័យ,លោក យឹម សារ៉ាត់ មេបញ្ជាការសឹករងស្រុកកំពង់លែង និងមនុស្សមួយចំនួនទៀត៕