
ភ្នំពេញ៖សហគ្រាសខ្នាតតូច និងមធ្យម(SME) ក្នុងវិស័កម្មន្តសាលចំនួន ៤៣,២៧៦ សហគ្រាស បានបើកដំណើរការវិញ ខណៈSME ដែលទើបបង្កើតថ្មីនៅត្រឹមចុងខែតុលាឆ្នាំ២០២១នេះមានចំនួន ១,១៥៨ មូលដ្ឋាន។ ការបើកដំណើរការនេះធ្វើឡើងបន្ទាប់ពីស្ថានភាពកូវីដ-១៩នៅកម្ពុជាមានសភាពធូរស្រាលជាងមុន ហើយរាជរដ្ឋាភិបាលកម្ពុជាក៏អនុញ្ញាតឱ្យអាជីវកម្មគ្រប់ប្រភេទបើកឡើងវិញដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ។
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា វិស័យ SME នៅទូទាំងប្រទេសកម្ពុជាមានជាង៥២ម៉ឺនសហគ្រាស ហើយអំឡុងពេលស្ថានភាពកូវីដ-១៩ នៅកម្ពុជាកំពុងមានសភាពធ្ងន់ធ្ងរដែលបានធ្វើឱ្យសហគ្រាសខ្នាតតូច និង មធ្យម (SME)ប្រមាណ ១២០បានបិទ្វារ។ប៉ុន្តែបច្ចុប្បន្ននេះ វិស័យ SME គ្រប់វិស័យរួមមានវិស័យសេវាកម្ម កម្មន្តសាល កសិកម្ម ពាណិជ្ជកម្ម បានចាប់ផ្តើមសកម្មភាពអាជីវកម្មរបស់ខ្លួន ក្នុងនោះ សហគ្រាសកម្មន្តសាលចំនួន ៤៣,២៧៦ សហគ្រាស បានកំពុងដំណើរការផងដែរ។
បើតាមឯកឧត្តម ហេង សុខគង់ បច្ចុប្បន្ននេះ វិស័យSME មានការចុះបញ្ជីសហគ្រាសច្រើនជាងមុន និងមានអតិថិជនច្រើនតាមតំបន់ទេសចរ និងភោជនីដ្ឋាននានា។ បើគិតត្រឹមចុងខែតុលា ឆ្នាំ២០២១នេះ មានសហគ្រាសខ្នាតតូច និងមធ្យមដែលទើបបង្កើតថ្មីមានចំនួន ១,១៥៨ មូលដ្ឋានបន្ថែមទៀត។
ឯកឧត្តមបន្តថា បន្ទាប់ពីស្ថានភាពកូវីដ-១៩នៅកម្ពុជាមានភាពធូរស្រាល តម្រូវការនៃវិស័យ SME នៅកម្ពុជាពិតជាមានការកើនឡើង ប៉ុន្តែក៏មានការប្រកួតប្រជែងខ្លាំងដែរជាមួយនឹងការនាំចូល។ តែយ៉ាងណាក៏វិស័យកសិកម្ម ឬវិស័យកែឆ្នៃចំណីរអាហារមានសកម្មភាពច្រើនជាងវ័ស័យផ្សេងៗទៀតនៅក្នុងឆមាសចុងក្រោយនេះ។
យ៉ាងណាក្តី ឯកឧត្តមបញ្ជាក់ថា មកទល់បច្ចុប្បន្ននេះ វិស័យSMEនៅតែបន្តជួបបញ្ហាមួយចំនួនដូចជា៖ បញ្ហាមាន ការកង្វះទុន, ទីផ្សារនៅមានកម្រិត, បញ្ហាបច្ចេកទេស និងការទទួលយកនូវបច្ចេកវិទ្យាថ្មីៗ និងការអនុវត្តន៍ច្បាប់និងគោលនយោបាយគាំទ្រនៅមានកម្រិត។ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏មានវិធានការមួយចំនួន ដើម្បីជួយជំរុញសមត្ថភាព និង ការអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និងមធ្យមនៅកម្ពុជាផងដែរដូចជា ការបង្កើត KhmerSME ដែលជាបណ្តុំពត៌មានជាតិសម្រាប់ជួយដល់SME ដែលបានដាក់អោយដំណើរការកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នេះ រួមជាមួយ ASEAN Accessផងដែរ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហេង សុខគង់។
ជាមួយគ្នានេះ ក៏មានកម្មវិធីបណ្តុះអាជីវកម្មកម្ពុជា Cambodia Business Incubation on Food Develpment Program ហៅថា CBI-Food ដែលបានជួយដល់យុវជនលើជំនាញកែឆ្នៃចំណីអាហារនៅខេត្តបាត់ដំបង កម្មវិធីនេះមិនត្រឹមតែជួយដល់វិស័យចំណីអាហាទេ តែជាបានជួយដល់វិស័យកសិកម្ម លើការជំរុញតំលៃបន្ថែមផលិតផលកសិកម្មផងដែរ។
ឯកឧត្តមបន្ថែមថា ក្រសួងក៏មានការដាក់ចេញនូវ STI roadmap, សេចក្តីព្រាងគោលនយាបាយSME, MISTI កំពុងធ្វើច្បាប់ស្តីពីសហគ្រាសធុនតូចនិងមធ្យម ដើម្បីធានា និងជួយដល់SME ជាពិសេសជំរុញSME គ្រប់វិស័យ និងការប្រកួតប្រជែងដោយតម្លាភាព។ បច្ចុប្បន្នក្រសួងបានធ្វើការជាមួយវិស័យឯកជនដូចជាសមាគមអាជីវកម្មនានា និងដៃគូអភិវឌ្ឍន៍ដូចជា GIZ, UNIDO, KOICA, UNESCAP, MEKONG Lancang, CAVAC, UNICEF ជាដើម៕