Cctimesw1140xh150cm copy

សម្តេច ហ៊ុន សែន៖«វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប»មានភាពចាំបាច់សម្រាប់វិនិយោគិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ភ្នំពេញ៖វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី ១ បានចាប់ផ្តើមហើយនៅថ្ងៃទី ១៤ វិច្ឆិកានេះ ដោយប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកម្ពុជាប្រជុំដ៏សំខាន់នេះ។វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី ១នេះ ធ្វើឡើងក្រោមមូលបទ : “ការផ្លាស់ប្តូរទៅគន្លងប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និង បដិវត្តន៍ឧស្សាហកម្មទី ៤"។ក្នុងនាមជាម្ចាស់ផ្ទះសម្តេច ហ៊ុន សែន បានចាត់ទុកវេទិកានេះ មានភាពចាំបាច់សម្រាប់វិនិយោគិន។

ថ្លែងសុន្ទរកថាពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី ១ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានចាត់ទុកវេទិកានេះមានភាពចាំបាច់ សម្រាប់វិនិយោគិនធ្វើការកំណត់ និងស្វែងរកឱកាសធុរកិច្ច និងពាណិជ្ជកម្មថ្មីៗ និងសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងវិស័យ សាធារណៈ និងឯកជន ជាពិសេសការផ្លាស់ប្ដូរយោបល់លើមូលបទដ៏មានសារៈសំខាន់ គឺ “ការផ្លាស់ប្ដូរ ទៅគន្លងប្រក្រតីភាពថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី ៤” សំដៅលើកកម្ពស់សកម្មភាពធុរកិច្ច-វិនិយោគ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងគន្លងប្រក្រតីភាពថ្មី ។

បើតាមសម្តេច ហ៊ុន សែន កិច្ចសហប្រតិបត្តិការអាស៊ី-អ៊ឺរ៉ុប បានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រជាជន និងសេដ្ឋកិច្ច ដើម្បីការអភិវឌ្ឍរួម ។ ជាមួយគ្នា កិច្ចសហប្រតិបត្តិការនេះ នៅមានសក្ដានុពលជាច្រើនទៀត ដែលត្រូវចាប់យក ដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប ។

គួរបញ្ជាក់ថា ទំហំសេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប មានចំណែកប្រមាណ ៦៥ ភាគរយនៃសេដ្ឋកិច្ចសកល ខណៈដែលទំហំពាណិជ្ជកម្ម មានប្រមាណជា ៥៥ ភាគរយនៃពាណិជ្ជកម្មសកល ។ ជាទិសដៅទៅមុខ ខណៈដែលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានរំពឹងថា នឹងស្រាកស្រាន្ដនាពេលដ៏ឆាប់ខាងមុខ ការជំរុញប្រក្រតីភាពនៃរំហូរពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ ឱ្យស្របទៅនឹងការផ្លាស់ប្តូរថ្មីជាសកល គឺជាការងារសំខាន់ និងបន្ទាន់ ដើម្បីស្តារ និងជំរុញការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប ឡើងវិញ ។

ចំណែកកម្ពុជា កំពុងពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយ តាមរយៈការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ក្នុងនោះ រួមមាន (១). កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) (២). កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង(៣). កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាន នាពេលឆាប់ៗខាងមុខ ។ ជារួម ការវិវត្តជាវិជ្ជមានទាំងនេះ បាននិងកំពុងប្រែក្លាយកម្ពុជា ឱ្យទៅជាទីតាំងផលិតកម្ម ធុរកិច្ច និងវិនិយោគមួយកាន់តែសំខាន់ និងមានសក្ដានុពល នៅក្នុងតំបន់ ហើយមានទីផ្សារនាំចេញ កាន់តែធំ ប្រកបដោយភាពប្រកួតប្រជែងសម្រាប់វិនិយោគិន ពីគ្រប់មជ្ឈដ្ឋាន ជាពិសេស ពីតំបន់អ៊ឺរ៉ុប៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង