
ភ្នំពេញ៖ រយៈពេល៤ថ្ងៃ (១៨-២១ វិច្ឆិកា ២០២១) ពោលគឺក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃបូកនឹងថ្ងៃអាទិត្យនេះ១ថ្ងៃទៀត នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ ១,១៤៧,៣៥៩នាក់។ចំនួននេះមានការកើនឡើងប្រមាណ ២៥.៨% ធៀបនឹងរយៈពេលដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌនាដើមខែតុលា ឆ្នាំ២០២១ កន្លងមក ដែលមានភ្ញៀវទេសចរតែ៩១១,១៤៧នាក់។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវទេសចរសរុប មានភ្ញៀវជាតិចំនួន១,១៣២,៩០៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១៤,៤៥៦នាក់។ ចំនួនភ្ញៀវទេសចរជាង១លាននាក់ ក្នុងរយៈពេលជិតមួយសប្តាហ៍នេះ ជាចំនួនដ៏ច្រើនគិតចាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖ រាជធានីភ្នំពេញ ២០៣,៤៥៤នាក់, ខេត្តព្រះសីហនុ ១៤៥,០៤២នាក់, ខេត្តសៀមរាប ១៤១,២១៩នាក់, ខេត្តកំពត ១០២,១៦៧នាក់, ខេត្តកែប ៩២,៥៣៨នាក់, ខេត្តពោធិ៍សាត់ ៧៥,៥៧៨នាក់, ខេត្តបាត់ដំបង ៥៦,៦៧៩នាក់, ខេត្តកំពង់ស្ពឺ ៥០,៩៦០នាក់, ខេត្តមណ្ឌលគិរី ៤០,៩១៧នាក់,ខេត្តកណ្តាល ៤០,២០៦នាក់, ខេត្តកោះកុង ៣៨,៦៥០នាក់ និងខេត្តរតនគិរី ៣១,៤៥៧នាក់។
ចរន្តភ្ញៀវទេសចរដ៏ផុសផលនេះបានបង្ហាញផងដែរថា មូលដ្ឋានអាជីវកម្ម ផ្នែកឯកជន និងអ្នករកទទួលទានក្នុងវិស័យទេសចរណ៍បានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមស្តារ និងលើកកម្ពស់វិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការរៀបចំ និងកែលម្អទម្រង់ធុរកិច្ច និងអាជីវកម្មរបស់ខ្លួនក្នុងគន្លងប្រក្រតីភាព ក៏ដូចជាដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខឆាប់ៗនេះផងដែរ។ រីឯផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងតម្លៃសេវាកម្ម និងផលិតផល ព្រមទាំងការអនុវត្តវិធានការនានាទប់ស្កាត់ជំងឺកូវីដ-១៩ មានភាពល្អប្រសើរច្រើន។
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានវាយតម្លៃថា វិស័យទេសចរណ៍កម្ពុជាបាននិងកំពុងទាញយកបានមកវិញនូវទំនុកចិត្តរបស់ភ្ញៀវទេសចរ (Trust and Confidence) តាមរយៈលំហូរទេសចរណ៍ផ្ទៃក្នុង ដែលអាចសម្រេចទៅបានក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលតែងបានដាក់ចេញនូវយុទ្ធសាស្រ្តរស់រវើក រហ័សរហួន និងគ្រប់ជ្រុងជ្រោយ ពិសេសការជំរុញការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ និងជនបរទេស ដែលបានធ្វើឲ្យកម្ពុជាកំពុងបោះជំហានឈានមុខក្នុងការបើកដំណើរការឡើងវិញពេញលេញលើគ្រប់វិស័យសេដ្ឋកិច្ច និងសង្គម៕