ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា ក្នុងឱកាសថ្ងៃឈប់រយៈពល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប៩១០,១៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨៩៩,៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,២៨១នាក់។
បើតាមឯកឧត្ដម ថោង ខុន ស្ថិតិភ្ញៀវទេសចរប្រចាំថ្ងៃ រួមមាន៖ ថ្ងៃទី១៖ មានភ្ញៀវសរុបចំនួន១៣២,០១៣នាក់ ថ្ងៃទី២៖ មានភ្ញៀវសរុបចំនួន៣៣២,៨៧៥នាក់ កើនឡើង ១៥២.១៥% ធៀបនឹងថ្ងៃទី១ ថ្ងៃទី៣៖ មានភ្ញៀវសរុបចំនួន៤៤៥,២៦២នាក់ កើនឡើង ៣៣.៧៦% ធៀបនឹងថ្ងៃទី២ ហើយបើធៀបថ្ងៃទី១ គឺកើនឡើង ២៣៧.២៨%។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖ រាជធានីភ្នំពេញ ១៩៩,៨៣៥នាក់ ខេត្តសៀមរាប ១១៨,១៤៦នាក់ ខេត្តព្រះសីហនុ ១១១,៣២២នាក់ ខេត្តកំពត ៨៣,៤៦៦នាក់ ខេត្តកែប ៧៥,៨៦៥នាក់ ខេត្តពោធិ៍សាត់ ៥៣,៨០៧នាក់ ខេត្តបាត់ដំបង ៣៨,៦៦៧នាក់ ខេត្តកំពង់ស្ពឺ ៣៧,៤៦៥នាក់ ខេត្តមណ្ឌលគិរី ៣២,៩៥៧នាក់ ខេត្តកណ្តាល ២៧,២៨០នាក់ ខេត្តរតនគិរី ២៤,៥៩៦នាក់។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ចំនួនភ្ញៀវទេសចររយៈពេល៣ថ្ងៃនេះ លើសពីរំពឹងទុក កើនឡើង ៥៤.៣៤% ធៀបនឹងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២០ ហើយបើធៀបភ្ញៀវពេលឈប់សម្រាកភ្ជុំបិណ្ឌ៣ថ្ងៃដូចគ្នានាដើមខែតុលា ឆ្នាំ២០២១ ថ្មីៗនេះ គឺមានកើនឡើង ៣៦.៩២%។ ទន្ទឹមនឹងនេះ ក្រៅពីគោលដៅទេសចរណ៍ និងរមណីយដ្ឋានសំខាន់ៗ ក៏មានប្រជាពលរដ្ឋជាច្រើនផ្សេងទៀតដើរកម្សាន្តមិនឆ្ងាយពីគេហដ្ឋាន ដូចជាជួបជុំញ៉ាំអាហារជាក្រុមគ្រួសារនៅតាមភោជនីយដ្ឋាន និងកន្លែងដែលមានការៀបចំជាក្ចុស (ដូចជាតាមបណ្តោយមាត់ទន្លេនៅព្រែកលាប បាក់ខែងជាដើម)។
ជាការកត់សម្គាល់ ឥរិយាបថភ្ញៀវទេសចរក៏មានប្រែប្រួលខ្លះដោយក្នុងនោះពួកគាត់ងាកមកប្រើប្រាស់សេវារបស់មូលដ្ឋានអាជីវកម្ម ដូចជាការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ និងសណ្ឋាគារធម្មតា ផ្ទះសំណាក់ ដែលបានធ្វើឲ្យអត្រាកក់បន្ទប់ស្នាក់នៅតាមខេត្តគោលដៅទេសចរណ៍សំខាន់ៗមានកម្រិតខ្ពស់ និងការចូលទទួលទានអាហារដោយផ្ទាល់នៅតាមបណ្តាអាហារដ្ឋាន និងភោជនីយដ្ឋានក៏មានការកើនឡើង៕