បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន៣នាក់បានរងរបួស ក្នុងពេលចុះបង្រ្កាបលើជនទំនើបជនជាតិថៃមួយក្រុម ដែលបង្កការអុកឡុក នៅហាងទូកុងទឺន័រ ទល់មុខកាស៊ីណូផារេមិក ទីតាំងរួមរបស់ក្រុមហ៊ុនកាស៊ីណូ Galaxy ក្រុងប៉ោយប៉ែត ។
ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោងជិត១២ យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅហាងទូកុងទឺន័រ ទល់មុខកាស៊ីណូផារេមិក ទីតាំងរួមរបស់ក្រុមហ៊ុនកាស៊ីណូ Galaxy ប៉ោយប៉ែត ។ ករណីផ្ទុះអាវុធនៅប៉ោយប៉ែតនេះបណ្តាលឲ្យកម្លាំងអាវុធហត្ថរងរបួស៣នាក់ ក្នុងនោះកម្លាំងសមត្ថកិច្ចម្នាក់ត្រូវគ្រាប់កាំភ្លើង ដែលជនបង្កបាញ់ធ្លាយថ្ពាល់និងថ្គាមពីម្ខាងទៅម្ខាង រងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីទប់ទល់ស្ថានការណ៍។
ឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងហេតុការណ៍នោះ មិនមានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យស្លាប់នោះទេ ហើយសមត្ថកិច្ចចាប់ខ្លួនក្រុមបង្ករទាំងនេះបាន ១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួនបក្ខពួកក្រុមបង្ក បញ្ហាបន្តបន្ទាប់ទៀត៕

