
ភ្នំពេញ៖ក្រសួងរ៉ែ និងថាមពល បានសម្រេចផ្តល់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរ៉ែមាសដល់ក្រុមហ៊ុនចំនួន៧ផ្សេងគ្នា សម្រាប់៧ទីតាំងនៅក្នុងប្រទេសកម្ពុជា។ ទីតាំងទាំងនោះស្ថិតនៅក្នុងខេត្តចំនួន៥ដូចជា ខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្តរតនគីរី និងខេត្តបាត់ដំបង។ នេះបើតាមការលើកឡើងរបស់លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានប្រាប់ស៊ីស៊ីថាមស៍។
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានប្រាប់ស៊ីស៊ីថាមស៍ថា ចំនួនទីតាំងរុករករ៉ែមាសនៅតាមបណ្តាខេត្តនីមួយៗមានដូចជា ខេត្តក្រចេះ ០១ទីតាំង, ខេត្តព្រះវិហារ ០២ទីតាំង, ខេត្តមណ្ឌលគីរី ០២ទីតាំង, ខេត្តរតនគីរី ០១ទីតាំង និងខេត្តបាត់ដំបង ០១ទីតាំង។
លោកបន្តថា ក្រៅពីអាជីវកម្មរ៉ែមាស ក្រសួងធនធានរ៉ែ និង ថាមពលក៏បានផ្តល់អាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈចំនួន២៦ អាជ្ញាបណ្ណ ព្រោះក្រុមហ៊ុនស្ថិតនៅក្នុងដំណាក់កាលវាយតម្លៃសក្តានុពលនៅឡើយ ពុំអាចវាយតម្លៃថាសិក្សាស្រាវជ្រាវរ៉ែមាស ឬលោហៈផ្សេងៗនៅឡើយទេ ដូច្នេះក្រសួងដាក់ឈ្មោះថា អាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ។
លោកអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានអះអាងថា ក្រុមហ៊ុនដែលបានទទួលបានអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈមានចំនួន១៦ មកពីប្រទេសចិន អូស្ត្រាលី កាណាដា ខ្មែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១០ មិថុនា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាសជាលើកដំបូងនៅកម្ពុជាដោយរំពឹងថានឹងទទួលបានចំណូលដុលជាមធ្យម១៨៥លានដុល្លារ ក្នុងនោះរដ្ឋនឹងទទួលបានពន្ធជាថវិកា៤០លានដុល្លារក្នុងមួយឆ្នាំ។ ការដាក់ឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាសនេះ គឺធ្វើឡើងក្រោយពីក្រុមហ៊ុនអូស្ត្រាលី ដែលជាម្ចាស់អាជ្ញាបណ្ណ បានធ្វើការស្រាវជ្រាវ និង រុករកដោយប្រើពេលអស់១៤ឆ្នាំ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការទីស្តីការក្រសួងដែនដី សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា តែរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ កម្ពុជាអាចជីកមាសបានជិត ៨០០គីឡូ ហើយបើគិតរយៈពេល១ឆ្នាំ កម្ពុជាអាចជីកមាសបានច្រើនជាងនេះទៅទៀត។ ដោយឡែកបច្ចុប្បន្ននេះ កម្ពុជាក៏កំពុងសិក្សានៅកន្លែងផ្សេងទៀតដែលជាក្រុមហ៊ុនមួយដ៏ធំក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា៕
