
ភ្នំពេញ៖ ចរន្តភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសនៅតែមានការកើនឡើង ដោយចាប់ពីថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវសរុប ១៧៤,៥៤៣នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
យោងតានរបាយការណ៍ ក្នុងចំណើមភ្ញៀវទេសចរសរុប មានភ្ញៀវទេសចរជាតិចំនួន ១៦៩,៥៣២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ៥,០១១នាក់។ ជាការកត់សម្គាល់របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បើទោះបីពុំមានថ្ងៃឈប់សម្រាកជាបុណ្យជាតិ ប៉ុន្តែចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅតែមានភាពសកម្មនៅរៀងរាល់ចុងសប្តាហ៍។
របាយការណ៍បានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុទទួលបានភ្ញៀវ ៣៧,៦៤១ នាក់, រាជធានីភ្នំពេញទទួលបានភ្ញៀវ ៣៥,២១០ នាក់, ខេត្តកំពតទទួលបានភ្ញៀវ ១៦,៥០១ នាក់, ខេត្តសៀមរាបទទួលបានភ្ញៀវ ១៥,១០០ នាក់ និងខេត្តពោធិ៍សាត់ទទួលបានភ្ញៀវ ១០,៤៤៧ នាក់។
ទន្ទឹមនឹងនេះ ឯកឧត្ដមបានបន្តថា ទាំងម្ចាស់មូលដ្ឋានអាជីវកម្ម និងភ្ញៀវទេសចរមានការយល់ដឹងកាន់តែប្រសើរ និងបានចូលរួមអនុវត្តវិធានការនានាកាន់តែសកម្ម ពិសេសវិធានការ «៣កុំ និង ៣ការពារ» ស្របពេលដែលរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បានបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្ម៕