
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានធ្វើកិច្ចប្រជុំពិភាក្សាការបើកដំណើរទទួលភ្ញៀវទេសចរណ៍ឡើងវិញ សម្រាប់តំបន់កំពង់ផែចុងឃ្នៀស នៃទឹកដីប្រវត្តិសាស្ត្រ សៀមរាបអង្គរ នាដើមឆ្នាំ២០២២ខាងមុខនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តសៀមរាប។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ទៀ សីហា បានជំរុញដល់គ្រឹះស្ថានអង្គរ ធ្វើការជួសជុលជាបណ្តោះអាសន្ន ជាបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធនៅតំបន់កំពង់ផែចុងឃ្នៀស ដើមី្បត្រៀមលក្ខណៈទទួលស្វាគមន៍នៅពេលបើកទេសចរណ៍ឡើងវិញ នៅដើមឆ្នាំ២០២២ខាងមុខនេះ ។ ចំពោះទិសដៅ និង គម្រោងផែនការដែលគ្រឹះស្ថានអង្គរលើកឡើង និង ត្រូវអនុវត្តបន្តក្រោយពេលបើកដំណើរការទទួលភ្ញៀវទេសចរណ៍ឡើងវិញនេះ ។
ទន្ទឹមនឹងនេះ ឯកឧត្តម ទៀ សីហា ក៏បានដឹកនាំក្រុមការងារចុះទៅពិនិត្យផ្ទាល់ នៅកំពង់ផែចុងឃ្នៀស អំពីស្ថានភាពទីតាំងក្នុងរៀបចំធ្វើការជួសជុលជាបន្ទាន់។ ក្នុងនោះដែរគម្រោងរបស់គ្រឹះស្ថានអង្គរ ត្រូវធ្វើការជួសជុល កែសម្រួលជាបន្ទាន់នោះ គឺកន្លែងភ្ញៀវអង្គុយរងចាំ , បញ្ជរលក់សំបុត្រ , ច្រកចុះនិងឡើងពីកាណូត ,ទីតាំងចំណតរថយន្តធំតូច និង បន្ទប់ទឹកផងដែរ ។
ឯកឧត្តម ទៀ សីហា ក៏បានធ្វើការក្រើនរំលឹកដល់គ្រឹះស្ថានអង្គរ នូវរាល់កិច្ចការចាំបាច់ចំពោះមុខ និង យូអង្វែង គឺត្រូវតែបំពេញនូវលក្ខណៈចាំបាច់ជាមុន ទើបយើងត្រូវបន្តធ្វើការងារយូរអង្វែង ដើមី្បបំពេញតម្រូវការភាពចាំបាច់នៅពេលខាងមុខនេះ ។
ម៉្យាងទៀតក៏យើងត្រូវបន្តធ្វើការដោះស្រាយនូវរាល់បញ្ហា ដែលក្រុមហ៊ុនបង្កើតជាបញ្ហាកន្លងមក ។ កត្តាសំខាន់នោះគ្រឹះស្ថានអង្គរ ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពភ្ញៀវ ក្នុងពេលឡើង ចុះកាណូត ព្រមទាំងអនាម័យបរិស្ថាន នៅក្នុងតំបន់កំពង់ផែចុងឃ្នៀស ដើមី្បទាក់ទាញអារម្មណ៍ដល់ភ្ញៀវជាតិ និង អន្តរជាតិ ចូលមកទស្សនានៅតំបន់ធម្មជាតិបឹងទន្លេសាប៕