Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Cct 01
Hi hotpot
Canadia app new

អ្នកជំនាញ៖ ឪពុកម្ដាយគួរបង្កើតទម្លាប់អានសៀវភៅជាមួយកូន ជាជាងឱ្យកូនចុចទូរសព្ទ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
វាគ្មិនទាំង៤រូប ចូលរួមក្នុងសិក្ខាសាលាតាមរយៈប្រព័ន្ធឌីជីថល ក្រោមប្រធានបទ ការផ្សារភ្ជាប់ទំនាក់ទំនងរវាងឪពុកម្ដាយ និងកុមារតាមរយៈការអាន កាលពីថ្ងៃទី០១ វិច្ឆិកា។ 

ភ្នំពេញ៖ ប្រសិនបើអាណាព្យាបាលទាំងឡាយមិនបានយកចិត្តទុកដាក់បង្កើតទម្លាប់អានសៀវភៅជាមួយទេ កុមារអាចនឹងមិនចូលចិត្តការអាន ឬមិនទម្លាប់ក្នុងការរៀនសូត្រ។ ម្យ៉ាងម្ដាយឪពុកមួយចំនួននាសម័យកាលនេះ ឱ្យកូនកាន់ទូរសព្ទច្រើនជាងនៅជាមួយសៀវភៅ ដែលជាហេតុជះឥទ្ធិពលមិនល្អដល់ការសិក្សារបស់កុមារ។ បញ្ហានេះ ត្រូវបានអ្នកជំនាញប្រៀបធៀបថា ដូចជីករណ្ដៅកប់កូនដោយអចេតនា។

ថ្លែងក្នុងសិក្ខាសាលាតាមរយៈប្រព័ន្ធឌីជីថល ក្រោមប្រធានបទ ការផ្សារភ្ជាប់ទំនាក់ទំនងរវាងឪពុកម្ដាយ និងកុមារតាមរយៈការអាន កាលពីថ្ងៃទី០១ វិច្ឆិកា  អ្នកស្រី យីម សុធារី អ្នកជំនាញចិត្តសាស្រ្តមួយរូបបានឱ្យដឹងថា ឪពុកម្ដាយរវល់តែស្វែងរកកំណប់ តែបែជាជីកផ្នូរកប់កូនខ្លួនឯងទៅវិញ ដូចជាការឱ្យកូនមើលទូរសព្ទដៃ ទុកកូនចោល មិនមានពេលរៀន ឬអានជាមួយកូនតូចរបស់ខ្លួន។ ការមិនអានជាមួយកូន អាចជារណ្តៅដែលឪពុកម្តាយអាណាព្យាបាលកំពុងជីកកប់កូនដោយអចេតនា។

អ្នកជំនាញផ្នែកចិត្តសាស្រ្តរូបនេះ អះអាងថា កុមារគួរតែត្រូវបានផ្ដល់អាទិភាពក្នុងការបង្កើតពេលវេលារៀនសូត្រ និងទទួលភាពកក់ក្ដៅពីឪពុកម្ដាយ។

ចំណែកអ្នកគ្រូ ហ៊ុន ធីតា  មន្ត្រីបច្ចេកទេសអប់រំ និងបណ្តុះបណ្តាល នៃគម្រោង All Children Reading–Cambodia បានបញ្ជាក់ដែរថា ការបង្កើតទម្លាប់ក្នុងការអានរវាងឪពុកម្ដាយ ឬអាណាព្យាបាលជាមួយកុមារ យ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្ដាហ៍ ជាពិសេសនៅថ្ងៃអាទិត្យ ឬនៅពេលទំនេរ ជួយដល់កុមារបង្កើតការស្រមៃ និងភាពច្នៃប្រឌិត ក៏ដូចជាឱកាសដែលអាណាព្យាបាល អាចជួយពិនិត្យ និងរំឭកមេរៀនដែលកុមារបានរៀនពីសាលាបន្ថែមទៀត ពិសេសការអានជាមួយកុមារ ជួយឱ្យកុមារស្គាល់ពាក្យ និងចេះប្រើប្រាស់ពាក្យបានត្រឹមត្រូវក្នុងសំណេរ ក៏ដូចជាការនិយាយផងដែរ។

ទាក់ទងនឹងបញ្ហានេះ អ្នកស្រីនាង សុវឌ្ឍនា ឬ DJ Nana លើកឡើងថា កូនប្រុសអ្នកស្រីមានការលូតលាស់ខាងបញ្ញាស្មារតីលឿន ហើយពាក្យពេចន៍កាយវិការកូនចេះតាមរយៈការស្តាប់ការអានសៀវភៅ ពីគ្រួសារ ដែលមានទាំងឪពុកម្តាយ ឬលោកយាយជាដើម។

ក្នុងនាមជាម្ដាយម្នាក់ DJ Nana រៀបរាប់ថា៖«ការអាន ពេលខ្លះកូនតូចរើសទាំងទីកន្លែងអាន និងមនុស្សដែលអានជាមួយ ដូចជាពេលខ្លះម៉ាក់ ឬប៉ា ឬលោកយាយ។ អញ្ជឹងយើងអាចបត់បែនទៅតាមការលូតលាស់របស់កូន។ ការអានជាមួយកូនៗ មិនគួរតឹងតែងខ្លាំងពេកទេ ពេលខ្លះបន្ធូរបន្ថយទៅតាមគាត់ ដើម្បីគាត់មានអារម្មណ៍ល្អ សប្បាយរីករាយជាមួយការអាន ព្រោះការរៀនគួរតែជាអ្វីដែលសប្បាយ គួរឱ្យចង់ធ្វើ» ។

យ៉ាងណាមិញអ្នកម្តាយរូបនេះ ក៏បញ្ជាក់ផងដែរថា រូបខ្លួនតែងតែអានឱ្យកូនស្ដាប់តាំងពីនៅក្នុងផ្ទៃ ហើយពេលដែកកូនសម្រាលហើយតែងដាក់សៀវភៅនៅក្បែរកន្លែងដែលកូនលេង ដើម្បីកូនមានការស៊ាំ និងចងចាំថា សៀវភៅគឺជាចំណែកមួយនៃជីវិតរបស់គេ។

អនុប្រធានការិយាល័យ នៃនាយកដ្ឋានបឋមសិក្សា អ្នកស្រីប៊ុត ច័ន្ទធាវីពន្យល់ថា ការអប់រំមិនមែនមានតែនៅសាលា ឬនៅខាងក្រៅនោះទេ។ ដើម្បីបង្កើនសមត្ថភាពនៃការគិត ស្រមើលស្រមៃរបស់ក្មេង ជាម្ដាយមួយរូបអ្នកស្រីចំណាយពេលអាន និងណែនាំកូន។

សូមជម្រាបជូនថា ក្រសួងអប់រំផ្ទាល់ក៏បានសង្កត់ធ្ងន់ថា ឪពុកម្ដាយ និងអ្នកមើលថែកុមារមានតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រគ្រូបង្រៀន ដើម្បីធានាបាននូវពាក្យស្លោក កុមាររៀន កុមារចេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង