ភ្នំពេញ៖ ទារកចំនួន ២នាក់ រកឃើញមានវិជ្ជមានកូវីដ-១៩ ហើយមានថែមទាំងជំងឺ ដែលត្រូវធ្វើការវះកាត់ព្យាបាលទៀតផង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ទារកទាំង ២នាក់នោះ ត្រូវបានជួយសង្រ្គោះ និងធ្វើការវះកាត់បានដោយជោគជ័យ ព្រមទាំងបញ្ជូនទៅព្យាបាលបន្តទៀត នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ នេះយោងតាមគណនីហ្វេសប៊ុកផេក Dr. Beat Richner ផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះ។
ក្នុងចំណោមទារកទាំង ២នាក់ខាងលើនោះ មានម្នាក់ជាទារកតូចស្ទើរគីឡូ មានអាយុ«១៤ថ្ងៃ» បានឆ្លងជំងឺកូវីដ-១៩ ពីក្រុមគ្រួសារ ហើយទារកនោះ មានជំងឺស្ទះគល់ពោះវៀន កៀបដោយសង្វារស្បៃពោះវៀនពីកំណើត ដោយត្រូវបានបញ្ជូនចូលពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ដោយក្អួតខ្សោះជាតិទឹក និងខ្សោយក្រលៀននោមឈាម។ ដោយឡែក ទារកម្នាក់ទៀត មានអាយុ«១៧ថ្ងៃ» បានឆ្លងជំងឺកូវីដ-១៩ ពីម្តាយ ហើយទារកនោះ ថែមទាំងមាន«បូសគុំខ្ទុះ» នៅដើមទ្រូងទៀតផង។
ទារកទាំង ២នាក់ខាងលើ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ត្រូវបានក្រុមគ្រូពេទ្យយាមប្រចាំការ និងក្រុមគ្រូពេទ្យវះកាត់នៃ«មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ» ដែលដឹកនាំដោយ «វេជ្ជបណ្ឌិត ហ៊ី ប៉េងកាំង» ជួយសង្រ្គោះ និងធ្វើការវះកាត់បានដោយជោគជ័យ។
នេះសបញ្ជាក់ឱ្យឃើញថា ការជួយសង្រ្គោះជីវិតនៃទារកទាំងពីរខាងលើនេះ ពិតជាបានជួយព្យាបាលសង្គ្រោះ និងការពារជីវិត។ ហើយរាល់ការព្យាបាលទាំងអស់ ដោយឥតគិតថ្លៃ និងសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ហើយវាគឺជាការចូលរួមផងដែរ នូវរាល់ការបរិច្ចាគតូច ឬធំក្តី តួយ៉ាង «មូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២»៕