
ភ្នំពេញ៖ អាជីវករលក់នំចំណី ភេសជ្ជៈនៅក្បែររបងសាលានានាក្នុងរាជធានីភ្នំពេញ លក់ដូរដាច់ជាងមុន ក្រោយពីសិស្សានុសស្សគ្រប់កម្រិតទាំងអស់បានវិលត្រលប់ចូលរៀននៅតាមសាលា។ អាជីវករមួយចំនួនបានលើកឡើងថា ចាប់តាំងពីបើកសាលារៀនឡើងវិញនេះ ឃើញថាការលក់ដូរដាច់ជាងមុន សិស្សតែងតែចេញមកទិញនំ ចំណី ភេសជ្ជៈ ក្រៅពីនោះក៏មានអ្នកដំណើរតាមផ្លូវទិញដែរ។
លោក ធារ៉ា ជាអាជីវករលក់នំប៉័ងសាំងវិចនៅក្បែររបងសាលាបឋមសិក្សាបាក់ទូក បានថ្លែងថា ការលក់របស់លោកដាច់ជាងមុនក្រោយពីបើកសាលារៀនឡើងវិញ ដោយក្នុងមួយថ្ងៃលោកលក់នំប៉័ងបានជាង៣០ដើម។ ចំណែកកាលពីមិនទាន់បើកសាលាវិញ គឺលក់បានត្រឹមតែ២០ដើម។ អ្នកទិញភាគច្រើនជាសិស្សសាលាបឋម វិទ្យាល័យ និងអ្នកធ្វើដំណើរតាមផ្លូវ។
រីឯអ្នកស្រី សុផា ជាអាជីវករលក់ភេសជ្ជៈនៅក្បែររបងសាលាបឋមសិក្សាបាក់ទូក បានថ្លែងថា អ្នកស្រីលក់ភេសជ្ជៈដាច់ជាងមុន ដោយភាគច្រើនសិស្សសាលាជួយទិញ ហើយក៏មានអ្នកដំណើរតាមផ្លូវទិញដែរ។ អ្នកស្រីសង្គេតឃើញថា តាំងពីបើកសាលាឡើងវិញមក មិនត្រឹមតែសិស្សសាលាភាគច្រើនដែលទិញភេសជ្ជៈតែក៏មានអ្នកដំណើរតាមផ្លូវកើនឡើងនូវការទិញដែរ។
សូមជម្រាបថា សាលារដ្ឋនិងឯកជនគ្រប់កម្រិតនៅទូទាំងប្រទេសបានបើកដំណើរការឡើងវិញហើយនៅថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២១។ ការបើកដំណើរការសាលារៀនសាកល្បងកន្លងមក ចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ក្រសួងអប់រំ ពង្រីកវិសាលភាពបើកដំណើរការបង្រៀន និងរៀនតាមបណ្ដុំ ដោយអាស្រ័យលើស្ថានភាពជំងឺកូវីដ-១៩ចំនួន២គឺ ភូមិសាស្រ្តដែលអាចគ្រប់គ្រងជំងឺកូវីដ-១៩បាន និងភូមិសាស្រ្តដែលមានហានិភ័យមធ្យមនិងខ្ពស់។
ក្រសួងអបរ់រំណែនាំឲ្យសាលារៀនទាំងអស់បន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងអប់រំ ស្របតាមវិធានការសុខាភិបាល។ ការរៀន និងបង្រៀនត្រូវបន្តអនុវត្តតាមបែបចម្រុះ គឺរៀនក្នុងថ្នាក់ផង រៀនតាមអនឡាញផង ស្វ័យសិក្សាផង អមដោយសន្លឹកកិច្ចការជំនួយ ដោយកំណត់សិស្សពី ១៥ ទៅ ២០ នាក់ក្នុងមួយថ្នាក់ និងរៀនឆ្លាស់វេនគ្នា៕



