
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្លិបកម្សាន្តនានា និងកន្លែងច្រៀងកម្សាន្តខារ៉ាអូខេ មិនទាន់អនុញ្ញាតឱ្យបើកដំណើរការនៅឡើយទេ។ការបញ្ជាក់នេះ ធ្វើឡើងក្រោយមានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថាសាលារាជធានីភ្នំពេញ បានអនុញ្ញាតឱ្យដំណើរការឡើងវិញ។
ថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងប្រដាប់អាវុធ កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ជុំវិញការហាមមិនឲ្យបើកខារ៉ាអូខេ និងក្លិបកំសាន្ត។
ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរអនុញ្ញាតឲ្យបើកដំណើរការតែភោជនីយដ្ឋាន និងបៀរហ្គាឌិនប៉ុណ្ណោះ។
សូមជម្រាបជូនថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៨ តុលា បានចេញសេចក្ដីសម្រេច ស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ មុខរបរ ឬអាជីវកម្មដែលត្រូវបិទបន្តនោះរួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។