
ភ្នំពេញ៖ ពលរដ្ឋម្នាក់ឈ្មោះ យាន គឹមលាង បានដាក់ពាក្យប្តឹងម្ចាស់គណនីហ្វេសប៊ុក(Facebook) និងគណនីតិកតុក(TikTok) ឈ្មោះ ភី សម័យ ភេទស្រី និងបក្សពួក ពីបទប៉ះពាល់ដល់ព្រះពុទ្ធសាសនា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលធ្វើវីដេអូស្លៀកស្បង់រាំក្នុងបណ្ដាញសង្គម។
បុរសដើមបណ្តឹងឈ្មោះ យាន គឹមលាង កើតថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៨០ សញ្ជាតិខ្មែរ អាសយដ្ឋាននៅ ផ្ទះលេខ៤២០ ក្រុម២៥ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី០៣វិច្ឆិកានេះបានដាក់ពាក្យប្តឹងម្ចាស់គណនីហ្វេសប៊ុក(Facebook) និងគណនីតិកតុក(TikTok) ឈ្មោះ ភី សម័យ ភេទស្រី និងបក្សពួក។
តបតាមកម្មវត្ថុ និងយោងខាងលើឈ្មោះ យាន គឹមលាង បានជម្រាបជូន ព្រះរាជអាជ្ញា អំពីអង្គហេតុនៃដំណើររឿងខ្លះៗ៖ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ និងបក្សពួកបានធ្វើការឡាយដោយយកស្បង់ជីវររបស់ព្រះសង្ឃមក ស្លៀកដណ្តប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ ហើយបាននាំគ្នារាំញ៉ាក់ ដែលធ្វើឱ្យមនុស្សម្នា យ៉ាងច្រើនរិះគន់ចំពោះទង្វើបែបនេះ និងប៉ះពាល់ដល់ពុទ្ធសាសនិកជនបាត់បង់ជំនឿលើព្រះពុទ្ធសាសនា៕

