Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងទេសចរណ៍ស្នើឱ្យភ្នាក់ងារទេសចរណ៍នៅអឺរ៉ុបផ្សព្វផ្សាយពីការបើកទទួលទេសចរមកកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តស្តីពី "ការបើកទទួលទេសចរណ៍វ៉ាក់សាំង"
(រូបភាព៖ សហការី)

ភ្នំពេញ៖ក្រសួងទេសចរណ៍នៅថ្ងៃទី២៨ ខែតុលានេះ បានរៀបចំសន្និសីទសារព័ត៌មានមួយស្តីពីផែនការយុទ្ធសាស្រ្តចំពោះការបើកទទួលទេសចរណ៍វ៉ាក់សាំងចូលមកម្ពុជា។ នៅក្នុងសន្និសីទសារព័ត៌មាននេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានស្នើឱ្យទីភ្នាក់ងារទេសចរណ៍នៅអឺរ៉ុបជួយផ្សព្វផ្សាយពីគោលនយោបាយថ្មីរបស់កម្ពុជាក្នុងការបើកទទួលទេសចរបរទេសចាក់វ៉ាក់សាំងរួច។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងឱកាសនេះ បានលើកឡើងអំពីដំណើរការដែលកម្ពុជានឹងចាប់បើកទទួលទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ដោយចាប់ផ្តើមបំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរនៃស្រុកបទុមសាគរ ខេត្តកោះកុង។

ឯកឧត្តមបញ្ជាក់ថា នៅក្នុងជំហានដំបូងនេះ ជាការប៉ាន់ស្មានភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តនៅកម្ពុជាមិនមានច្រើនទេ គឺអាចមានចន្លោះពី៣ពាន់ទៅ៥ពាន់នាក់ ដោយសារតែកម្ពុជាត្រូវការពេលវេលាក្នុងការផ្សព្វផ្សាយឱ្យអន្តរជាតិបានដឹងឱ្យកាន់តែច្រើនពីគោលនយោបាយថ្មីដែលកម្ពុជានឹងចាប់បើកទទួលទេសចរណ៍ចាក់វ៉ាក់សាំងរួចនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមបន្ថែមថា បើទោះបីជាកម្ពុជាមិនទាន់មានភ្ញៀវបរទេសមកច្រើនក្តី ក៏ប៉ុន្តែកម្ពុជានឹងខិតខំផ្សព្វផ្សាយទៅកាន់ទីផ្សារដែលមាសក្តានុពល និងហានិភ័យទាប ហើយទេសចរដែលអាចមានលទ្ធភាពមកកម្សាន្តនៅកម្ពុជានាពេលខាងមុខនេះមានដូចជា រុស្ស៊ី ចិន និងតំបន់មួយចំនួននៃអាស៊ានផងដែរ។

ឯកឧត្តមបន្តថា ភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តនៅកម្ពុជាក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំងនេះ គឺមិនតម្រូវឱ្យមានប្រាក់តម្កល់នោះទេ។ ក្នុងន័យនេះ ភ្ញៀវទេសចរអន្តរជាតិទាំងអស់គ្រាន់តែធ្វើការទូទាត់ថ្លៃសេវាស្នាក់នៅ ហូបចុក និងសេវាកម្មនានាដោយផ្ទាល់ជាមួយកន្លែងកម្សាន្ត ឬកន្លែងស្នាក់នៅដែលខ្លួនបានទៅជាការស្រេច។ ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិទាំងអស់ត្រូវមានការបង់ប្រាក់ធានារ៉ាប់រងចំនួន៩០ដុល្លារអាមេរិក។

សូមបញ្ជាក់ថា កម្ពុជាប្រកាសបើកទទួលភ្ញៀវទេសចរអន្តរជាតិ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ដោយការចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង។

បន្ទាប់ពីខេត្តព្រះសីហនុ និងខេត្តកោះកុង កម្ពុជានឹងបន្តបើកទទួលនៅភ្ញៀវទេសចរនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២ ខាងមុខ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង