អាមេរិក៖ ក្រុមហ៊ុនផលិតឱសថរបស់សហរដ្ឋអាមេរិក បានយល់ព្រមចែករំលែករូបមន្តផលិតថ្នាំគ្រាប់ molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ១៩ ដល់ក្រុមហ៊ុនឱសថដទៃទៀត។
ថ្នាំគ្រាប់ molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ១៩មានប្រសិទ្ធិភាពខ្ពស់ បើអ្នកជំងឺពិសារថ្នាំនៅដំណាក់កាលឆ្លងជំងឺដំបូង គឺអាចកាត់បន្ថយការស្លាប់បានជាង៥០%។
Merck Sharp & Dohme ដែលជាក្រុមហ៊ុនផលិតឱសថធំជាងគេលើពិភពលោក បានចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធកម្មសិទ្ធិបញ្ញាឱសថ ដែលគាំទ្រដោយអង្គការសហប្រជាជាតិរួចហើយ ក្នុងការអនុញ្ញាតិឲ្យសហការជាមួយក្រុមហ៊ុនឱសថមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីផលិតថ្នាំដែលពាក់ព័ន្ធ។
យោងតាមកិច្ចព្រមព្រៀង បានឲ្យដឹងថា ដរាបណាអង្គការសុខភាពពិភពលោកWHO) នៅតែបន្តដាក់ជំងឺរាតត្បាតកូវីដ១៩នៅក្នុងបញ្ជីជំងឺគ្រាអាសន្នសុខភាពសាធារណៈសកល ក្រុមហ៊ុនMerck Sharp & Dohme នឹងមិនគិតថ្លៃកម្មសិទ្ធិបញ្ញាលើថ្នាំណាមួយឡើយ ហើយកិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យលក់ថ្នាំលេបសម្រាប់ព្យាបាលជំងឺកូវីដ១៩ខាងលើនេះ ក្នុងតម្លៃទាបនៅក្នុងប្រទេសចំនួន ១០៥ លើពិភពលោក។
សម្ព័ន្ធកម្មសិទ្ធិបញ្ញាឱសថបានបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើនេះ គឺរួមបញ្ចូលទាំងការផ្ទេរបច្ចេកវិទ្យាផងដែរ ហើយសម្ព័ន្ធកម្មសិទ្ធិបញ្ញាឱសថ នឹងចេញអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនឱសថដែលត្រូវបានអនុម័ត ដើម្បីផលិតឱសថប្រឆាំងជំងឺកូវីដ១៩នេះ ។
លោក នាយកប្រតិបត្តិ នៃសម្ព័ន្ធកម្មសិទ្ធិបញ្ញាឱសថបាននិយាយថា លទ្ធផលបឋមបង្ហាញថា ថ្នាំនេះគឺ “គួរឱ្យជឿជាក់” ។ គាត់សង្ឃឹមថាកិច្ចព្រមព្រៀងដែលស្ម័គ្រចិត្តផ្តល់អាជ្ញាប័ណ្ណលើកដំបូងខាងលើនឹងដើរតួនាទីនាំមុខក្នុងការផលិតឱសថប្រឆាំងជំងឺកូវីដ១៩នេះ៕