ភ្នំបេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៨ តុលានេះ បានចេញសេចក្ដីសម្រេច ស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ មុខរបរ ឬអាជីវកម្មដែលត្រូវបិទបន្តនោះរួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ចំណែករោងភាពយន្ត រដ្ឋបាលរាជធានីភ្នំពេញមិនបន្តបិទនោះទេ តែត្រូវអនុវត្តតាមវិធានការសុខាភិបាលដែលបានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាលកម្ពុជា ជាពិសេសអនុវត្ត៣កុំ និង៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕


