
ភ្នំពេញ៖ វិស័យដឹកជញ្ជូននៅកម្ពុជាចាប់ផ្តើមមានភាពប្រសើរឡើងវិញភាគច្រើនហើយ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាសម្រេចបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើររបស់ជនបរទេសចូលមកប្រទេសកម្ពុជា និងជាពិសេសស្ថានភាពកូវីដ-១៩នៅក្នុងកម្ពុជាក៏មានសភាពធុរស្រាលជាងមុន។ នេះបើតាមការលើកឡើងរបស់លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា។
លោក ស៊ិន ចន្ធី បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ថ្វីបើវិស័ដឹកជញ្ជូនកម្ពុជាបានងើបឡើងវិញច្រើនក្តី តែក៏មានក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនមិនទាន់មានភាពប្រសើរឡើងខ្លាំងដែរ ដោយសារតែទទួលរងផលប៉ះពាល់ខ្លាំងដោយសារកូវីដ-១៩។ ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនទាំងនេះបានកំពុងរៀបចំដំណើរការឡើងវិញផងដែរ។
លោកបន្តថា ចំណែកឯក្រុមហ៊ុនដែលបានដំណើរការជារឿយៗនោះ មកទល់ពេលនេះគឺមានភាពប្រសើរឡើងច្រើន ដោយសារតែស្ថានភាពកូវីដ-១៩នៅកម្ពុជាមានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលក៏នឹងមានការរៀបចំបើកប្រទេសឡើងវិញនាពេលខាងមុខនេះ។ កត្តាទាំងនេះធ្វើឱ្យវិស័យដឹកជញ្ជូនដំណើរការវិញបានច្រើន តែមិនទាន់ដូចពេលមិនទាន់ប៉ះពាល់ដោយកូវីដនោះទេ។
ទាក់ទងនឹងតម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស គឺនៅតែបន្តកើនឡើងដដែល ជាពិសេស ចំពោះការដឹកជញ្ជូនឆ្លងទ្វីប ដូចជាអឺរ៉ុប អាមេរិកនិងប្រទេសឆ្លងទ្វីបផ្សេងៗទៀត ដែលតម្លៃនៃការដឹកជញ្ជូនឡើងខ្ពស់ហួសហេតុ រហូតដល់ជិត១០ដងធៀបនឹងតម្លៃដឹកជញ្ជូនមុនកូវីដ។ ការឡើងថ្លៃខ្លាងនេះដោយសារការខ្វះខាតទូកុងទឺន័រដឹក។
ចំណែកការដឹកជញ្ជូននៅកម្ពុជានៅតែដំណើរការធម្មតា គ្រាន់តែមានការខ្វះខាតទូរកុងទឺន័រសម្រាប់ដឹកតែប៉ុណ្ណោះ ដោយសារប្រទេសមួយចំនួនកាត់បន្ថយនូវសេវាកម្មលើក-ដាក់ ឬកាត់បន្ថយកម្មករលីសែងជាដើម ដូចនេះកុងតឺន័រ និងកប៉ាល់មួយចំនួនដែលដឹកពីកម្ពុជាទៅមានការកកស្ទះនៅប្រទេសក្រៅ។ ចំពោះតម្លៃការដឹកជញ្ជូនក្នុងតំបន់ក៏មានការឡើងថ្លៃដែរ តែអាចទទួលយកបាន៕