
ភ្នំពេញ៖ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា បានឱ្យដឹងថា អាជ្ញាធរអប្សរាកំពុងរៀបចំ និងអភិរក្សរមណីយដ្ឋានអង្គរ ដោយបានរៀបចំទីធ្លាមុនប្រាសាទអង្គរវត្តឱ្យមានសណ្តាប់ធ្នាប់ រៀបចំចំណតរថយន្ត និងសកម្មភាពផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រាសាទអង្គរវត្តកាន់តែមានភាពទាក់ទាញពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការរៀបចំនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ខេត្តសៀមរាបជាខេត្តមួយស្ថិនក្នុងផែនការទាក់ទាញភ្ញៀវទេសចរ។
លោក ឡុង កុសល បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា អាជ្ញាធរអប្សរាបានផ្លាស់ប្តូររូបភាពជាច្រើននៅជុំវិញប្រាសាទអង្គរវត្តដើម្បីឱ្យប្រាសាទអង្គរវត្តមានសោភ័ណ្ឌភាពស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ ហើយប្រាង្គប្រាសាទមួយចំនួនក៏ត្រូវបានជួសជុលបន្ថែមដែរ។ ក្នុងនោះអាជ្ញាធរអប្សរាសង្កេតឃើញថា នៅមុខប្រាសាទអង្គរវត្តដែលធ្លាប់តែមានភាពរញ៉េរញ៉ៃដោយការលក់ដូរមិនត្រឹមត្រូវ គ្មានរបៀបរៀបរយ ការចតចំណតដោយគ្មានសណ្តាប់ធ្នាប់ និងការបោះចោលសម្រាមនានា ប៉ុន្តែបច្ចុប្បន្នរូបភាពទាំងនេះត្រូវបានផ្លាស់ប្តូរទាំងស្រុង។
លោកបន្តថា មកទល់ពេលនេះ នៅទិសខាងលិចនៃប្រាសាទអង្គរវត្តត្រូវបានរៀបចំជាកន្លែងលក់ដូរយ៉ាងត្រឹមត្រូវ មានទីធ្លាបៃតងលម្អដោយដើមឈើ មានផ្លូវដើរ មានចំណតរថយន្តត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់ជាដើម ហើយកត្តាទាំងអស់នេះជាការចូលរួមក្នុងការលើកតម្លៃរមណីយដ្ឋានអង្គរ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រាសាទអង្គរវត្តកាន់តែច្រើនផងដែរ។
ម្យ៉ាងវិញទៀត ដើម្បីធ្វើឱ្យភ្ញៀវទេសចរកាន់តែមានទំនុកចិត្តក្នុងការកម្សាន្ត អាជ្ញាធរអប្សរាបានសហការជាមួយក្រសួងទេសចរណ៍ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ ដែលជាការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាត្រូវទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
មួយវិញទៀតអាជ្ញាធរអប្សរានឹងរៀបចំលំហូរទេសចរណ៍ឱ្យបានកាន់តែល្អប្រសើរ ព្រោះបើមិនដូច្នោះទេភ្ញៀវទេសចរដែលមកទស្សនាប្រាសាទអង្គរវត្តនឹងអាចមានហានិភ័យ ដោយសារការមិនបានរក្សាគម្លាតសុវត្ថិភាព និងជាពិសេសឱ្យដំណើរការទស្សនាកាន់តែមានរបៀបរៀបរយផងដែរ។ នេះជាការលើកឡើងរបស់លោក ឡុង កុសល។
ទន្ទឹមនឹងនេះ សកម្មភាពដែលរៀបចំឱ្យមានរបៀបរបប សណ្តាប់ធ្នាប់សាធារណៈ ការចតរថយន្ត និងការធ្វើដំណើរ ការរៀបចំឱ្យមានសណ្តាប់ធ្នាប់ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ និងសកម្មភាពនានា ដែលបានបង្ហាញឱ្យឃើញថា អាជ្ញាធរអប្សរាបានចូលរួមយ៉ាងខ្នាស់ខ្នែងក្នុងការងារវិស័យទេសចរណ៍ ដើម្បីផឱ្យភ្ញៀវទេសចរកាន់តែមានទំនុកចិត្តក្នុងការមកទស្សនានៅប្រាសាទអង្គរវត្ត ក៏ដូចជាឱកាសក្នុងការផ្សព្វផ្សាយប្រទេសកម្ពុជាផងដែរ៕