Yearendyearend1140x150

ក្រុមហ៊ុនចិនគ្រោងវិនិយោគលើផលិតកម្មកែច្នៃ និងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិចនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ភ្នំពេញ៖ ក្រុមហ៊ុន ហ័រឡុងតូជឺជីទួន (ខេមបូឌា) ឯ.ក និងសហការីនៅថ្ងៃទៅទី២៥តុលានេះ បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ។ កម្មវត្ថុនៃជំនួបនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគលើវិស័យកសិកម្ម និងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិចនៅកម្ពុជា។

លោកនាយកក្រុមហ៊ុន បានលើកឡើងថាកសិកម្មកម្ពុជាមានសក្តានុពល ប៉ុន្តែ បញ្ហានៅត្រង់ថាមិនទាន់បានប្រើបច្ចេកវិទ្យាដើម្បីបង្កើនផលិតភាពផលិតកម្ម ការងារស្រាវជ្រាវ និងកែច្នៃ ហេតុដូច្នេះហើយក្រុមហ៊ុនបានអញ្ជើញវិទ្យាស្ថានសំខាន់ៗចំនួនបីមកធ្វើការសិក្សាស្រាវជ្រាវទាក់ទងដំណាំឈើហូបផ្លែតំបន់ត្រូពិច វិទ្យាស្ថានទាំងបីនោះគឺ៖ ១- វិទ្យាស្ថានស្រាវជ្រាវដំណាំអនុតំបន់ត្រូពិចខាងត្បូង ២- វិទ្យាស្ថានស្រាវជ្រាវ និងកែច្នៃផលិតផលកសិកម្ម និងទី៣- Chinese Academy of Tropical Agricultural Science។

ករណីនេះ លោកនាយកក្រុមហ៊ុនបានស្នើក្រសួងជួយពិនិត្យពិចារណាទីតាំងដីសម្រាប់ធ្វើការរៀបចំសាងសង់វិទ្យាស្ថាន ។ លោកបញ្ជាក់បន្ថែមថា ក្រោយពេលស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានល្អប្រសើរ ដំណើរការសកម្មភាពវិនិយោគនឹងចាប់ផ្តើមជាជំហានៗតាមផែនការដែលបានគ្រោងទុក។ ឆ្លៀតយកឱកាសនេះ ក្រុមហ៊ុនក៏បានសុំការណែនាំពីឯកឧត្តមរដ្ឋមន្រ្តីផងដែរទាក់ទងគម្រោងវិនិយោគនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រចំពោះកម្មវត្ថុវិនិយោគលើវិស័យកសិកម្ម ស្របពេលដែលវិស័យមួយនេះបាននិងកំពុងត្រូវការអភិវឌ្ឍលើអនុវិស័យសំខាន់ៗ មួយចំនួនដូចជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការងារស្រាវជ្រាវ និងការកែច្នៃកសិផល។ ឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ លើសពីនេះវិស័យកែច្នៃកសិផលនឹងត្រូវ បានលើកកម្ពស់ មានតម្លៃផ្នែកសេដ្ឋកិច្ច ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាពិសេសស្រូបយកពលកម្មក្នុងស្រុក និងបង្កើនប្រាក់ចំណូល។

ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឲ្យវិស័យឯកជនចិនចូលរួមវិនិយោគឲ្យបានពេញលេញលើគ្រប់ខ្សែច្រវាក់ផលិតកម្ម កែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ធ្វើយ៉ាងណាច្បាមយកកាលានុវត្តភាព ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្មកសិកម្ម ហើយសង្ឃឹមថាកសិផលកម្ពុជា នឹងមាន ឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរ លើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង៕

រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង