Cctime 6monthsfree desktop
Cc times  web banner kh (2)

អភិបាលខេត្តពោធិ៍សាត់ថ្មីស្នើឱ្យក្រុមការងារពន្លឿនការស្ថាបនាផ្លូវជាតិលេខ៥

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ពោធិ៍សាត់៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានស្នើឱ្យក្រុមការងារគណៈកម្មការអន្តរក្រសួង ពិនិត្យ និងពិភាក្សាជួយពន្លឿនការស្ថាបនាផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យងាយស្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរណ៍ បើអាចក្នុងដំណាច់ឆ្នាំ២០២១ ឬយ៉ាងយូរដើមឆ្នាំ២០២២ខាងមុខ។

ការស្នើរបស់ឯកឧត្តម ជាវ តាយ បានធ្វើឡើងនៅសាល Video Conferenceខេត្ត ក្នុងកិច្ចប្រជុំពិភាក្សាការងារ ជុំវិញការដោះស្រាយផលប៉ះពាល់ ការស្ថាបនាស្ថានីយ៍ថ្លឹងយានយន្តលើសទំងន់ នៃគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ឯកឧត្តម ជាវ តាយ បានថ្លែងថា ផ្លូវមួយចំនួន នៃគម្រោងខាងលើនេះ បានស្ថាបនារួចខ្លះហើយដែរ ហើយមួយចំនួនទៀតក៏មានការលំបាក ជាក់ស្តែងដូចនៅព្រំប្រទល់ នៃខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង គឺមានលំបាកពិតប្រាកដ ដែលធ្វើឱ្យរថយន្តតូចធំគ្រប់ប្រភេទពិបាកក្នុងការធ្វើដំណើរឆ្លងកាត់។

ឯកឧត្តមទទួលស្គាល់ថា រដូវវស្សាពិបាកក្នុងការស្ថាបនា តែការយឺតយ៉ាវនេះ អាចមកពីក្រុមហ៊ុនខ្វះខាតធនធានមនុស្ស ឬខ្វះខាតគ្រឿងចក្រ។ដូច្នេះស្នើឱ្យក្រុមហ៊ុន និងក្រុមការងារអន្តរក្រសួង ជួយបន្ថែមគ្រឿងចក្រ និងជម្រុញពន្លឿនការស្ថាបនាគម្រោងនេះ ឱ្យបានឆាប់រហ័ស។

សូមបញ្ជាក់ថា គម្រោងកែលម្អផ្លូវជាតិលេខ៥ មានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ លើផ្លូវចាស់ពីព្រែកក្តាមទៅប៉ោយប៉ែតមានប្រវែង ៣០៤គីឡូម៉ែត្រ។ គម្រោងផ្លូវនេះ ជាចំណែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ ដែលតភ្ជាប់ពីប្រទេសចិន មកភូមា ថៃ កម្ពុជា និងវៀតណាម និងជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និងជាពិសេសជាសរសៃឈាមដ៏ធំមួយក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានការអភិវឌ្ឍន៍ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង