
ភ្នំពេញ៖ រដ្ឋាភិបាលភិបាលកម្ពុជា បានប្រកាសបន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កដល់អ្នកដំណើរចូលមកកម្ពុជាដែលការចាក់វ៉ាក់សាំងពេញលេញ គឺបានជួយសម្រួលការងារជាច្រើនដល់អ្នកវិនិយោគបរទេសមកកម្ពុជា។ ក្រោយការសម្រេចនេះ អ្នកវិនិយោគអន្តរជាតិដូចជា ជប៉ុន កូរ៉េ ចិន និងបណ្តាប្រទេសដទៃទៀត បានចាប់ផ្តើមធ្វើការទំនាក់ទំនងធ្វើពាណិជ្ជកម្មជាបន្តបន្ទាប់។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កន្លងទៅសភាពាណិជ្ជកម្មធ្លាប់បានស្នើសុំទៅប្រធានគណៈកម្មាធិការបិទខ្ទប់ ដើម្បីជួយសម្រួលក្នុងការកាត់បន្ថយក្នុងរយៈពេលពី១៤ថ្ងៃមក៧ថ្ងៃដល់អ្នកវិនិយោគមកកម្ពុជា ប៉ុន្តែបច្ចុប្បន្ននេះនៅសល់ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។ លោកចាត់ទុកថា នេះជារឿងមួយដ៏ល្អ សម្រាប់ដំណើរការពាណិជ្ជកម្មនៅកម្ពុជា។
បើតាមលោកឧកញ៉ា លឹម ហេង ក្រោយពីមានការជួយសម្រួលពីរាជរដ្ឋាភិបាល សភាពាណិជ្ជកម្មកម្ពុជាបានទទួលបានការទំនាក់ទំនងពីពាណិជ្ជករ អ្នកវិនិយោគិន ក្នុងការបណ្តាក់ទុននៅកម្ពុជា តាមរយៈការប្រជុំអនឡាញ។ ប៉ុន្តែយ៉ាងណាក៏ដោយ ការពិភាក្សាការងារក្នុងដំណើរការពាណិជ្ជកម្មផ្សេងៗ លោកឧកញ៉ាយល់ថា ការមកជួបមុខដោយផ្ទាល់គឺមានភាពងាយស្រួលជាង។លោកឧកញ៉ាសង្ឃឹមថា ដោយសារមានថ្នាលចុះបញ្ចីពាណិជ្ជកម្មក៏ដូចជាការចុះវិនិយោគតាមថ្នាលបច្ចេកវិទ្យា CamDex នឹងមានការកើនឡើងសម្រាប់អ្នកវិនិយោគទុន ដើម្បីចុះបញ្ជីនិងមកបណ្តាក់ទុននៅកម្ពុជា។
លោកឧកញ៉ា បន្តថា សព្វថ្ងៃផ្នែកទំនាក់ទំនងពាណិជ្ជកម្មបរទេសមកកម្ពុជា ឃើញថាមានភាពចម្រុះ និងគ្រប់វិស័យ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះគឺមកពីប្រទេសជប៉ុន កូរ៉េ ចិន ដែលផ្តោតខ្លាំងមកវិនិយោគនៅកម្ពុជា។ ប៉ុន្តែអ្នកវិនិយោគដឹងហើយថា វិស័យកសិកម្មកម្ពុជា ដែលក្រុមហ៊ុនវិនិយោគចាប់អារម្មណ៍ខ្លាំង ក្នុងនោះក្រុមហ៊ុនមកពីអាមេរិកក៏ផ្តោតខ្លាំងដែរ។
លោកឧកញ៉ា សង្កត់ធ្ងន់ថា អ្វីដែលក្រុមហ៊ុនវិនិយោគវិនិយោគនោះចាប់អារម្មណ៍ខ្លាំងនោះ គឺកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ ចិន និងកូរ៉េ និងGSP ជាមួយអាមេរិក និង EBA ជាមួយសហគមន៍អ៊ឺរ៉ុប។ ចំណុចទាំងអស់នេះដែលធ្វើឲ្យអ្នកវិនិយោគបរទេសចាប់អារម្មណ៍មកប្រទេសកម្ពុជា៕