
ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យដំណើរការការដ្ឋានអាជីវកម្ម និង រោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មជាលើកដំបូង កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២១។ក្នុងរយៈពេល ៣ខែកន្លងមកនេះ កម្ពុជាផលិតលោហៈមាសបានជាង ៧០០គីឡូក្រាម។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ក្នុងរយៈពេល ៣ខែកន្លងមកនេះ កម្ពុជាផលិតលោហៈមាសបានជាង ៧០០គីឡូក្រាម”។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៧ កញ្ញា ឆ្នាំ២០២១នេះ ក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd របស់ប្រទេសអូស្ដ្រាលី បានចម្រាញ់រ៉ែមាសបានចំនួន៤៨ដុំស្មើនឹងប្រមាណ៥៥៥គីឡូក្រាម។ ក្នុងនោះ«ដុំរ៉ែមាស»ចំនួន៣៥៥គីឡូ ត្រូវបានក្រុមហ៊ុននាំចេញទៅអូស្រ្តាលី ដើម្បីបន្សុទ្ធជាមាសទឹក៩៩,៩៩%។
លោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានប្រាប់ស៊ីស៊ីថាមស៍ថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាចម្រាញ់រ៉ែមាស បានប្រមាណ៥៥៥គីឡូក្រាមហើយ ក្រោយប្រតិបត្ដិការ៣ខែ ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។
បើតាមលោក អ៊ឹង ឌីប៊ូឡា ក្នុងចំណោមនោះ មាន«ដុំរ៉ែមាស»ចំនួន៣៥៥គីឡូ ត្រូវបំពេញបែបបទតាមនីតិវិធីគយ និងបាននាំចេញ ដើម្បីយកទៅបន្សុទ្ធ ជាមាសទឹក៩៩.៩៩% នៅប្រទេសអូស្ត្រាលី។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១០ មិថុនា បានប្រកាសដាក់ឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាសជាលើកដំបូងនៅកម្ពុជាដោយរំពឹងថានឹងទទួលបានចំណូលដុលជាមធ្យម១៨៥លានដុល្លារ ក្នុងនោះរដ្ឋនឹងទទួលបានពន្ធជាថវិកា៤០លានដុល្លារក្នុងមួយឆ្នាំ។ ការដាក់ឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាសនេះ គឺធ្វើឡើងក្រោយពីក្រុមហ៊ុនអូស្ត្រាលី ដែលជាម្ចាស់អាជ្ញាប័ណ្ណ បានធ្វើការស្រាវជ្រាវ និងរុករកដោយប្រើពេលអស់១៤ឆ្នាំ។
ការធ្វើអាជីវកម្មរ៉ែមាស គឺត្រូវការការវិនិយោគប្រកបដោយវិជ្ជាជីវៈ និងមានបច្ចេកទេសខ្ពស់។រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋបោះបង់ចោលនូវបំណងធ្វើអាជីវកម្មរ៉ែជាលក្ខណៈគ្រួសារ ខណៈការធ្វើអាជីវកម្មរ៉ែមាសខ្នាតអន្តរជាតិ នៅតំបន់អូខ្វាវ ត្រូវបានដាក់ជាគំរូមួយសម្រាប់នាំមុខដល់ការធ្វើអាជីវកម្មរ៉ែដទៃទៀត តាមគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព៕