ភ្នំពេញ៖រាជរដ្ឋាភិបាកម្ពុជា បានសម្រេចកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរខ្មែរ និងបរទេស មន្រ្តី និងវិនិយោគិន ដែលបានចាក់វ៉ាក់សាំងរួច ដូចនេះចំនួនអ្នកធ្វើដំណើរចូលមកកម្ពុជាក៏មានការកើនឡើងបន្តិចម្តងៗ ហើយក៏មិនអាចកើនឡើងច្រើនជាគំហុកភ្លាមៗបាននោះដែរ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិលមកកាន់ស៊ីស៊ីថាមស៍។
ឯកឧត្តម ជា អូន បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ក្រោយពីរាជរដ្ឋាភិបាលបានកែសម្រួលលើការធ្វើចត្តាឡីស័ករបស់អ្នកដំណើរចូលកម្ពុជា ចំនួនជើងហោះហើរមកកម្ពុជាគឺមិនមានភាពប្រែប្រួលនោះទេ ពៅលគឺមានចន្លោះពី២-៤ជើងក្នុងមួយថ្ងៃ។ប៉ុន្តែចំនួនអ្នកដំណើរគឺមានការកើនឡើង។
បើតាមឯកឧត្តម ជា អូន ក្នុងមួយថ្ងៃកម្ពុជាទទួលបានអ្នកដំណើរជិត ៣០០នាក់ ខណៈមុនមានការសម្រួលលើការធ្វើចត្តាឡីស័កនេះក្នុងមួយថ្ងៃជាមធ្យមមានអ្នកដំណើរចូលកម្ពុជាចំនួនប្រមាណ ២០០នាក់តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨តុលានេះទៅ ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងហើយ គឺត្រូវធ្វើចត្តាឡីស័ក រយៈពេល៧ថ្ងៃ ពេលទៅដល់ទឹកដីកម្ពុជា។ដោយឡែក សម្រាប់ភ្ញៀវទេសចរណ៍ដែលមិនទាន់បានចាក់វ៉ាក់សាំង ហើយចូលមកដល់កម្ពុជាតាមផ្លូវអាកាស គឺត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។
ចំណែក គណៈប្រតិភូអន្តរជាតិជាន់ខ្ពស់ និងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ដែលត្រឡប់មកពីបេសកកម្មនៅក្រៅប្រទេស មន្រ្តីការទូតបរទេស និងមន្រ្តីអង្គការអន្តរជាតិ និង អ្នកទេសចរបរទេសដែលជាវិនិយោគិន អ្នកជំនួញអ្នកជំនាញជាមួយការធានាឬការអញ្ជើញ ត្រូវដាក់ឱ្យនៅដាច់ពីគេរយៈពេល ៣ ថ្ងៃ៕