Yearendyearend1140x150

កម្ពុជារំពឹងទទួលបាន«ភ្ញៀវទេសចរ»ច្រើនពីផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ក្រសួងទេសចរណ៍ នៅថ្ងៃទី ២០ តុលានេះ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥។ផែនការមេនេះ ក្រសួងទេសចរណ៍រំពឹងថានឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ផែនការមេនេះក៏នឹងជួយធ្វើឱ្យខេត្តសៀមរាប និងតំបន់នៅជុំវិញក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពឆ្ពោះទៅឆ្នាំ ២០៣៥ តាមរយៈការអនុវត្តនូវយុទ្ធសាស្ត្រមួយចំនួនដូចជា ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពក្នុងខេត្ត, ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មី, ការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ, ការពង្រឹងគុណភាព និងនិរន្តរភាព, ការគ្រប់គ្រងបរិស្ថាន, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកការតភ្ជាប់គាំទ្រវិស័យទេសចរណ៍, និង ការពង្រឹងអភិបាលកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តនេះ។

បើតាម ឯកឧត្ដម ថោង ខុន តាមរយៈផែនការមេនេះ ខេត្តសៀមរាបរំពឹងនឹងអាចទាក់ទាញបានភ្ញៀវទេសចរជាតិបាន នៅឆ្នាំ២០៣៥ ភ្ញៀវទេសចរអន្តរជាតិកើនឡើងប្រមាណ៧.៥លាននាក់ និងភ្ញៀវទេសចរជាតិកើនឡើងប្រមាណ១០.៩លាននាក់។

គួរបញ្ជាក់ថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ ត្រូវបានរដ្ឋាភិបាលកម្ពុជាអនុម័តកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១។ផែនការមេនេះបានកំណត់គោលដៅទេសចរណ៍ទាំង៦ទីតាំងនោះ មាន២ទីតាំង ជាគោលដៅទេសចរណ៍មានស្រាប់ គឺជាតំបន់ប្រាសាទអង្គរ និងក្រុងសៀមរាប នាពេលបច្ចុប្បន្ន។ ចំពោះគោលដៅទេសចរណ៍ថ្មីចំនួន៤ទៀត គឺមានការបង្កើតទីក្រុងសៀមរាបថ្មី, ការអភិវឌ្ឍតំបន់ជាប់បឹងទន្លេសាប, ភ្នំគូលែន និងស្រុកបន្ទាយស្រី ជាមួយនឹងតំបន់នៅជុំវិញ។

អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានយល់ឃើញថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ នឹងរួមចំណែកក្នុងការស្តារវិស័យទេសចរណ៍នៅកម្ពុជាដែលកំពុងរងផលប៉ះខ្លាំង ដោយជំងឺកូវីដ ១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង