Cctimesw1140xh150cm copy

លោកជំទាវ ហ៊ុន ដានី៖ ស្ត្រីគឺជាផ្នែកមួយនៃការប្រែក្លាយអនាគតទេសចរណ៍នៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកជំទាវ ហ៊ុន ដានី ក្នុងកិច្ចប្រជុំតាមប្រព័ន្ធZoom ថ្ងៃទី១៨ កន្លងទៅ។
ប្រភព៖ ក្រសួងទេសចរណ៍  

ភ្នំពេញ៖ លោកជំទាវ ហ៊ុន ដានី បានលើកឡើងថា ស្ត្រីគឺជាផ្នែកមួយនៃការប្រែក្លាយអនាគតទេសចរណ៍នៅកម្ពុជា ដើម្បីប្រែក្លាយជាគោលដៅទេសចរណ៍ដែលផ្តល់ភាពកក់ក្តៅនិងសុវត្ថិភាព តាមរយៈការធ្វើបដិសណ្ឋារកិច្ច និងស្នាមញញឹមរបស់ស្ត្រី។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានលើកឡើងថា បើទោះបីស្ថិតិក្នុងបរិបទនៃជំងឺកូវីដ-១៩ក៏ដោយ ស្ត្រីនៅតែមានការចូលរួមយ៉ាងសកម្មនៅគ្រប់ទិដ្ឋភាពសង្គមដោយនិយាយជារួម និងនិយាយដោយឡែកក្នុងវិស័យទេសចរណ៍។

លោកជំទាវបន្តថា ស្ត្រីក្នុងវិស័យទេសចរណ៍ ត្រូវបានអង្គការទេសចរណ៍ពិភពលោក (UNWTO) ផ្តោតជាអាទិភាពពិសេសមួយនៅក្នុងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ “ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន”។ ក្នុងន័យនេះ បានបញ្ជាក់ថាស្ត្រីមានតួនាទីសំខាន់នៅគ្រប់សរសៃឈាមនៃទេសចរណ៍ ជាកម្លាំងចលករដែលមិនអាចខ្វះបានតាមរយៈការងារក្នុងវិស័យនេះ និងការរកប្រាក់ចំណូលដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

ដោយឡែកក្នុងស្ថានភាពចំពោះមុខ ស្ត្រីជនបទនិងសហគមន៍ទេសចរណ៍ គឺជាសក្តានុពលខ្ពស់ក្នុងការស្រោចស្រង់និងស្តារវិស័យទេសចរណ៍ឡើងវិញ ដោយផ្អែកទៅតាមនិន្នាការទេសចរណ៍ក្នុងបរិបទកូវីដ-១៩។ សហគមន៍ទេសចរណ៍បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាសហគមន៍មូលដ្ឋានតារយៈការបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលពីសកម្មភាពទសេចរណ៍ក្នុងសហគមន៍។

លោកជំទាវរដ្ឋលេខាធិការ បានបញ្ចាក់ថា ផ្តើមពីតួនាទីដ៏មានសារ:សំខាន់របស់ស្ត្រី ក្រសួងបានចាត់ទុកស្ត្រីគឺជាកម្លាំងចលករដ៏មានសក្តានុពល និងជាភាគីពាក់ព័ន្ធដែលមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។

សូមជម្រាបជូនថា ក្នុងបរិការណ៍កូវីដ-១៩ ក្រសួងទសេចរណ៍បានខិតខំតាមគ្រប់រូបភាព ដើម្បីជួយបង្កើនភាពអង់អាចដល់ស្ត្រីតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលទាំងក្នុងកម្រិតជាតិនិងតំបន់ ទាំងដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ សំដៅជួយស្ត្រីឱ្យមានទាំងជំនាញទន់ និងជំនាញរឹងសម្របទៅតាមទីផ្សារការងារ និងក្លាយជាអ្នកដឹកនាំនៅក្នុងអាជីវកម្មខ្នាតតូច-មធ្យម ព្រមទាំងត្រៀមខ្លួនសម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍នាពេលខាងមុខផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ទេសចរណ៍ ស្រ្តី
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង