កោះកុង៖ អភិបាលខេត្តកោះកុង បានសម្រេចបិទទីតាំងនៃរមណីយដ្ឋានទេសចរណ៍ក្នុងខេត្តមួយចំនួនជាបណ្ដោះអាសន្ន ដូចជា តំបន់ឆ្នេរនេសាទ ឆ្នេរកោងកាង ស្ទឹងពពក សហគមន៍ អេកូទេសចរណ៍ជីផាត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា តំបន់ឆ្នេរនេសាទ ស្ទឹងពពក សហគមន៍ អេកូទេសចរណ៍ជីផាត ស្ថិតក្នុងឃុំជីផាត នៃស្រុកថ្មបាំង នឹងត្រួវបិទមិនឱ្យមានការចេញចូលជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
បន្ថែមពីនេះ ក្នុងអំឡុងពេល នៃការបិទជាបណ្តោះអាសន្ននូវតំបន់ខាងលើ គណៈអភិបាលស្រុកនឹង ដាក់ចេញវិធានការគ្រប់គ្រង រឹតត្បិត ឬ ហាមឃាត់ការធ្វើដំណើរ និងចាត់វិធានការចាំបាច់នានា សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
ទន្ទឹមនឹងនេះ ចំពោះរថយន្តឈ្នួលដឹកមនុស្សចេញ-ចូលស្រុកស្រែអំបិលត្រូវបិទការចរាចរណ៍ក្នុងរយៈ ពេលមួយសប្តាហ៍ និងរថយន្តដឹកទំនិញត្រូវធ្វើតេស្តរហ័សលើអ្នកបើកបរ និងព្រូឡានជាប្រចាំ និង មិនអនុញ្ញាតឱ្យចូលទៅក្នុងផ្សារជាដាច់ខាត។
សូមជម្រាបថា រដ្ឋបាលខេត្តនឹងអនុវត្តការផាកពិន័យជាអន្តរការណ៍ចំពោះបុគ្គលណាដែលមិនចូលរួម និងមានចេតនា មិនគោរពតាមវិធានការសុខាភិបាល និងវិធានការរដ្ឋបាលរបស់រដ្ឋបាលខេត្តកោះកុងដែលកំពុង មានជាធរមាន ដោយមិនរាប់បញ្ចូលបទល្មើសព្រហ្មទណ្ឌដទៃទៀត៕