
ភ្នំពេញ៖ តារាសម្តែងកំប្លែងនៅកម្ពុជាអ្នកនាងខ្ញុង នៅថ្ងៃទី ១៨ តុលានេះ បានLiveតាមបណ្តាញសង្គមហ្វេសបុកប្រកាសជំពាក់បុលគេជាង ៥០ម៉ឺនដុល្លារ និង ត្រៀមខ្លួនចូលពន្ធនាគារ។ការសម្រេចចិត្តចេញមុនមកប្រកាសនេះដោយអ្នកនាងអះអាងថា នាងបានលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនអស់ហើយ នៅតែសង់ម្ចាស់បំណុលមិនគ្រប់ទៀត។
តារាសម្តែងកំប្លែងរូបនេះ គូសបញ្ជាក់ថា មុនឈាងដល់ជំពាក់គេច្រើនយ៉ាងដូច្នេះដោយដំបូងឡើងនាងខ្ចីត្រឹមតែខ្ទង់៤ទៅ៥ពាន់ដុល្លារប៉ុណ្ណោះ ហើយការខ្ចីនោះមិនបានប្រាប់ប្តីរបស់អ្នកនាងនោះទេ តែក្រោយមកនាងចេះតែខ្ចីគេបន្តបន្ទាប់រហូតដល់មានការប្រាក់ចេះតែកើនច្រើនជាង ២០នាក់ និង មានទឹកប្រាក់សរុបជា៥០ម៉ឺនដុល្លារ។
អ្នកនាងបន្តថា ក្នុងចំណោមអ្នកជំពាក់ក៏មានជនជាតិចិនផងដែរដែលជនជាតិចិននោះ តែងតែគំរាមនាងជារៀងរាល់ថ្ងៃ ដោយពេលខ្លះថតរូបផ្សាយ និងគំរាមយករូបថតមកបង្ហោះនៅកន្លែងធ្វើការជាដើម។អ្នកបន្តនាង ក្នុងមួយថ្ងៃអ្នកនាងត្រូវបង់ការប្រាក់ជាង ៤ម៉ឺនដុល្លារក្នុង១ខែ។
នាងបាន Live សម្រក់ទឹកភ្នែកអាណិតកូនប្រុសទាំងពីរនាក់ ហើយដើម្បីឱ្យកូនបានបន្តរៀនសូត្រ និង បានបាយហូប នាងបានអំពាវនាវដល់គាំទ្រជួយអនុគ្រោះផ្តល់ជូន ១ ដុល្លារផងដែរ។
គួរបញ្ជាក់ថា តាមរយៈសារព័ត៌មានស៊ីស៊ីថាមស៍ ធ្លាប់ទទួលព័ត៌មានថា មានជនជាតិចិនមួយចំនួនដែលរកស៊ីផ្លូវងងឹត បើកឱ្យខ្ចីលុយតាមអនឡាញដោយមានការប្រាក់ច្រើន។កន្លងមកមានជនជាតិចិនមួយចំនួនបានសម្រេចចិត្តសម្លាប់ខ្លួនដោយសារបំណុលច្រើនជាដើម៕