
ភ្នំពេញ៖ រាជរដ្ឋាភិបាកម្ពុជា បានសម្រេចកាត់បន្ថយរយៈពេល ធ្វើចត្តាឡីស័ក មកនៅត្រឹម៧ថ្ងៃ សម្រាប់ភ្ញៀវទេសចរខ្មែរ និងបរទេស ដែលបានចាក់វ៉ាក់សាំងរួច។ នេះគឺជាវិធានការថ្មី មួយទៀត ដើម្បីស្រោចស្រង់វិស័យទេសចរណ៍ ដែលជាប្រភពដ៏ចាំបាច់ នៃដង្ហើមសេដ្ឋកិច្ចប្រទេស។ហើយសេចក្តីសម្រេចនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៨ តុលានេះតទៅ។
ចាប់ពីថ្ងៃទី១៨តុលាទៅ ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងហើយ គឺត្រូវធ្វើចត្តាឡីស័ក រយៈពេល៧ថ្ងៃ ពេលទៅដល់ទឹកដីកម្ពុជា។ដោយឡែក សម្រាប់ភ្ញៀវទេសចរណ៍ដែលមិនទាន់បានចាក់វ៉ាក់សាំង ហើយចូលមកដល់កម្ពុជាតាមផ្លូវអាកាស គឺត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។
ចំណែក គណៈប្រតិភូអន្តរជាតិជាន់ខ្ពស់ និងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ដែលត្រឡប់មកពីបេសកកម្មនៅក្រៅប្រទេស មន្រ្តីការទូតបរទេស និងមន្រ្តីអង្គការអន្តរជាតិ និង អ្នកទេសចរបរទេសដែលជាវិនិយោគិន អ្នកជំនួញអ្នកជំនាញជាមួយការធានាឬការអញ្ជើញ ត្រូវដាក់ឱ្យនៅដាច់ពីគេរយៈពេល ៣ ថ្ងៃ។
មុនពេលមកដល់កម្ពុជា អ្នកដំណើរត្រូវតៀមឱ្យរួចរាល់នូវឯកសារដូចជា វិញ្ញាបនបត្របញ្ជាក់ថាគ្មានកូវីដរយៈពេល៧២ម៉ោងមុនមកដល់កម្ពុជា កាត់ចាក់វ៉ាក់សាំង លិខិតបេសកកម្ម។ពេលមកដល់កម្ពុជាត្រូវសហការផ្តល់សំណាកសម្រាប់ធ្វើតេស្តដោយម៉ាស៊ីន PCR នៅទីតាំងច្រកចូលប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ប្រមាណ២ឆ្នាំមកនេះ សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះខ្លាំងណាស់ ដោយសារតែរាជរដ្ឋាភិបាលបានដាក់កំហិតយ៉ាងតឹងតែង ចំពោះទេសចរណ៍បរទេសចូលមកប្រទេសកម្ពុជា ដែលប្រការនេះ បានធ្វើឲ្យវិស័យទេសចរណ៍ធ្លាក់ចុះជាខ្លាំង។កន្លងទៅសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាគួរចាប់យកឱកាសដើម្បីប្រកាសដំណឹងពីការបើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ ១៩ គ្រប់ដូសរួចរាល់ ព្រោះកម្ពុជាត្រូវបានគេទទួលស្គាល់ថា គ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ បានល្អ និង មានអត្រាប្រជាជនចាក់វ៉ាក់សាំងបានច្រើនជាប់លេខ ២ ក្នុងតំបន់បន្ទាប់ពីប្រទេសសិង្ហបុរី។
បើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្ពុជាតាមរយៈអាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២១ មានប្រមាណ ៥ ម៉ឺននាក់ ធ្លាក់ចុះជាង ៩២ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០៕