ភ្នំពេញ៖ គិតត្រឹមថ្ងៃ២១ មេសា ឆ្នាំ២០២០ ខេត្តចំនួន៧ដែលធ្លាប់មានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយអស់ហើយ បន្ទាប់ពីមានការព្យាបាលពីក្រុមគ្រូពេទ្យ ខណៈរាជធានីភ្នំពេញ និងខេត្តចំនួន៥ទៀត នៅតែបន្តមានអ្នកជំងឺ។នេះបើតាមរយៈទិន្នន័យពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។
បើតាមតួរលេខពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា ខេត្តទាំង៧ ដែលមានអ្នកជំងឺកូវីដ១៩ បានទទួលការព្យាបាលហើយជាសះស្បើយអស់អ្នកជំងឺរួមមាន ខេត្តកំពង់ចាម១៦នាក់ បាត់ដំបង៨ ,ព្រះវិហារ២, កំពត២នាក់, ត្បូងឃ្មុំ៤នាក់, កោះកុង២នាក់ និង ខេត្តកណ្ដាល២នាក់។
ចំណែករាជធានីភ្នំពេញមានអ្នកជំងឺសរុប ២៨ នាក់ជាសះស្បើយ ២១នាក់,ខេត្តព្រះសីហនុអ្នកជំងឺសរុប៤០នាក់ ជាសះស្បើយ ៣៩នាក់,ខេត្តសៀមរាបអ្នកជំងឺសរុប៧នាក់ ជាសះស្បើយ៦នាក់,ខេត្តបន្ទាយមានជ័យអ្នកជំងឺសរុប៤នាក់ ជាសះស្បើយ៣នាក់,ខេត្តកំពង់ឆ្នាំងអ្នកជំងឺសរុប៣នាក់ ជាសះស្បើយ២នាក់ និងខេត្តកែបអ្នកជំងឺសរុប៣នាក់ ជាសះស្បើយ៣នាក់។
ជាមួយគ្នានេះដែរ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី ២១ មេសា ២០២០ ក្រសួងពុំរកឃើញអ្នកជំងឺ COVID-19 ករណីថ្មីទេ ជាសរុបកម្ពុជា មានចំនួន ១២២ករណី ដដែល និង មាន៣ករណីជាសះស្បើយនៅភ្នំពេញ ធ្វើអោយអ្នកជាសះស្បើយសរុបកើនដល់ ១១០នាក់ និងមិនមានអ្នកស្លាប់ទេ។
អង្គការសុខភាពពិភពលោក បានចាត់ស្ថានភាពស្ថានភាពនេះថា មានភាពល្អប្រសើរ ប៉ុន្តែនៅតែសំណូមពរដល់ពលរដ្ឋបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ៕
