
ភ្នំពេញ៖ សហរដ្ឋអាមេរិក ស្ថានទូតនឹងរៀបចំសម្ពោធការិយាល័យ US Department of Agriculture ក្នុងពេលឆាប់ៗខាងមុខ ដើម្បីទ្រទ្រង់ពាណិជ្ជកម្មទាក់ទងនឹងកសិកម្ម ដែលកំពុងមានកំណើន រវាងប្រទេសទាំងពីរ។នេះបើយោងតាម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង ជួបពិភាក្សាជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម W. Patrick Murphy បានគូសបញ្ជាក់ថា ការិយាល័យនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាតាមរយ:ការបណ្តុះបណ្តាធនធានមនុស្ស និងការផ្សព្វផ្សាយបច្ចេកទេសថ្មីៗដែលជាយន្តការគន្លឹះក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ហើយក៏នឹងជួយផងដែរដល់កសិករ និងសិស្សសាលានៅកម្ពុជា ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារ តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ជាបន្តរបស់ USDA ដូចជាកម្មវិធី McGovern-Dole International Food for Education ដែលផ្តល់អាហារសម្រាប់កូនសិស្សនៅសាលាបឋមសិក្សា និងកម្មវិធី Food for Progress ដែលលើកកម្ពស់ផលិតភាពកសិកម្មផងដែរ។
គួរបញ្ជាក់ថា ការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានតែងតាំង កញ្ញា ហូយ សុខគា អ្នកឯកទេសខាងកិច្ចការកសិកម្ម ធ្វើជាជាតំណាង។ កន្លងមក សុខគា គឺជាអ្នកឯកទេសពាណិជ្ជកម្មរបស់ស្ថានទូតអាមេរិក នៅភ្នំពេញ ដោយនាងបានជួយក្រុមហ៊ុនអាមេរិកនានា ឲ្យចូលមកបណ្តាក់ទុនក្នុងទីផ្សារនៃប្រទេសកម្ពុជាផងដែរ។
ជាមួយគ្នានោះ អាមេរិកក៏មានគម្រោង Harvest 2 ទាក់ទងអនុវិស័យសាកវប្បកម្ម ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System ដោយប្រើសូឡា ដើម្បីជួយដល់វិស័យដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់កម្ពុជាឲ្យកាន់ តែល្អប្រសើរ ធានាបានគុណភាព សុវត្ថិភាព និងតម្លៃ ឯកឧត្តមឯកអគ្គរដ្ឋទូតថា នឹងរៀបចំកម្មវិធីអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីចុះទៅរួមគ្នាដើម្បីពិនិត្យ និងវាយតម្លៃជាក់ស្តែងលើលទ្ធផលសម្រេចបានរបស់គម្រោង។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការកសាង និងអភិវឌ្ឍកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមាន ការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល កែប្រែកម្រិតជីវភាព និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើបទាន់សម័យ ធននឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ៕