Yearendyearend1140x150
Img 0571

ក្រសួងការងារប្រកាសបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងការងារបានប្រកាសបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ក្រោយពីបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ការប្រកាសនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ(Zoom) ដោយមានអ្នកពាក់ព័ន្ធចូលរួមប្រមាណជិត២០០នាក់នោះ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង។

ក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានបញ្ជាក់ថា មុននឹងឈានដល់ការទទួលការអនុញ្ញាតឱ្យបើកដំណើរការសិក្សាឡើងវិញ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួង ពីប្រមុខរាជរដ្ឋាភិបាល គឺអនុគណៈកម្មការវាយតម្លៃ ផែនការ និងយុទ្ធសាស្រ្ត នៃគណកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានពិនិត្យនិងវាយតម្លៃ លើការរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) រួចដាក់ឆ្លងការប្រជុំសម្រេចពីគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ដោយផ្អែកលើហេតុផលពីរ ៖

ទី១-ក្រសួងបានរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយធានាបាននូវការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមានយន្តការច្បាស់លាស់ក្នុងការពិនិត្យវាយតម្លៃហានិភ័យ លក្ខណៈវិនិច្ឆ័យក្នុងការបិទ និងបើក និងមានប្រព័ន្ធរាយការណ៍ច្បាស់លាស់។

ទី២-គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដូចគ្នានឹងឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡាដែរ ម្យ៉ាងទៀត បុគ្គលិក សាស្រ្តាចារ្យ គ្រូបច្ចេកទេស ព្រមទាំងសិក្ខាកាម សិស្ស និស្សិត (មានអាយុចាប់ពី១៥ឆ្នាំឡើងទៅ) បានទទួលវ៉ាក់សាំងស្ទើរតែ ១០០ភាគរយ និងកំពុងបន្តទទួលដូសជំរុញ ឬដូសទី៣។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជន ការពារនូវសុខភាព និងសេចក្តីសុខរបស់ប្រជាជនរួចផុតពីជំងឺរាតត្បាតជាសកល កូវីដ-១៩ ហើយយើងអាចរៀបចំដំណើរការសកម្មភាពសេដ្ឋកិច្ចរបស់យើងជាបណ្តើរៗឡើងវិញ ធានាបាននូវការរស់នៅមួយដែលយើងអាចរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្តេច ហ៊ុន សែន បានដាក់ចេញនូវវិធានការជាច្រើន ហើយបានខិតខំស្វះស្វែងរិះរកគ្រប់មធ្យោបាយ ដើម្បីទទួលបានវ៉ាក់សំាងប្រឆាំងនឹងជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា។

សូមជម្រាបថា បច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគ្រឹះស្ថាន អ.ប.វ. ចំនួន ១៩៩ ក្នុងនោះគ្រឹះស្ថាន អ.ប.វ. សាធារណៈ ចំនួន៣៨ និងឯកជន អង្គការ/សមាគម ចំនួន១៦១ ដែលមានសិក្ខាកាម សិស្ស និស្សិត ប្រមាណជាង ៦០.០០០នាក់ បានបញ្ចប់ការសិក្សានិងចូលទៅក្នុងទីផ្សារការងារជារៀងរាល់ឆ្នាំ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង