
ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ។ការទទួលយកដូសជំរុញនៅពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនភាពសុំាទប់ទល់នឹងមេរោគកូវីដ១៩។
រាជធានីភ្នំពេញ ប្រកាសចាប់ផ្តើមបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ដូសជំរុញ ប្រភេទស៊ីណូវ៉ាក់ ជូនប្រជាពលរដ្ឋនៅតាមខណ្ឌចំនួន១១ ក្នុងតំបន់ភូមិសាស្ត្ររាជធានីភ្នំពេញ។ក្នុងចំណោមខណ្ឌទាំង១១នោះ ក្រសួងការពារជាតិ ទទួលភារកិច្ចចាក់នៅក្នុងខណ្ឌចំនួន៦រួមមាន៖ ខណ្ឌកំបូល ដង្កោ មានជ័យ ពោធិ៍សែនជ័យ ទួលគោក ឫស្សីកែវ និងតាមបណ្តារោងចក្រក្នុងខណ្ឌទាំង៦នេះ។
ប្រជាពលរដ្ឋក្នុងខណ្ឌទាំង៦ ដែលកងទ័ពរ៉ាប់រងចាក់នេះមានចំនួនសរុប ១,០២៦,១២៦នាក់។ ដោយឡែកកម្លាំងកងទ័ពដែលនឹងត្រូវចូលរួមប្រតិបត្តិការនេះ មានចំនួ ន ៣,៥៧៨នាក់ មាន ១៥២ក្រុមពេទ្យ ស្មើនឹង ១,០៩១នាក់ និងកម្លាំងបម្រើការងារ ២,៤៨៧នាក់។
សម្រាប់ ខណ្ឌបឹងកេងកង ខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌ៧មករា និងខណ្ឌសែនសុខ ប្រជាពលរដ្ឋត្រូវទៅទទួលយកវ៉ាក់សាំង ចាប់ផ្តើមពី៨:០០នាទីព្រឹកតទៅ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងនឹងរៀបចំជូនពីក្រុមពេទ្យនៃមន្ទីរពេទ្យសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។
ចំពោះខណ្ឌ៣ផ្សេងទៀតរួមមាន៖ ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ អាជ្ញាធរនឹងបើកយុទ្ធនាការ ចាប់ពីថ្ងៃទី៣០ ខែតុលា ដោយភារកិច្ចនៃការចាក់វ៉ាក់សាំងនឹងត្រូវប្រគល់ជូនទៅកាន់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌចំនួន១១ ក្នុងរាជធានីភ្នំពេញ ឱ្យទៅទទួលយកការចាក់ថ្នាំបង្ការជំងឺកូវីដ១៩សម្រាប់ដូសជំរុញ ប្រភេទស៊ីណូវ៉ាក់ ចាប់ពីថ្ងៃចន្ទទី១១ តុលាតទៅ។ ការទទួលយកដូសជំរុញនៅពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនភាពសុំាទប់ទល់នឹងមេរោគកូវីដ១៩។
ក្នុងដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះ ប្រជាពលរដ្ឋត្រូវភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១។ ហើយប្រជាពលរដ្ឋត្រូវធានានូវគម្លាតរយៈពេល៤ខែ គិតចាប់ពីពេលទទួលបានវ៉ាក់សាំងដូសទី២ មុនពេលមកទទួលយកដូសជំរុញ។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ មាន ៩៩,២០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៨១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៥,១៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕