
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារជូនជនរួមជាតិអំពីការព្រួយបារម្ភ និងតាមដានស្ថានភាពចម្លងជំងឺកូវីដ១៩ ក្រោយបុណ្យភ្ជុំបិណ្ឌ។ក្នុងសារជាសំឡេងនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើសារទៅការប្រជាពលរដ្ឋថា "កុំឱ្យក្រោយបុណ្យ បែរជាមានអ្នកត្រូវធ្វើបុណ្យវិញ"។
ការថ្លែងសារនេះ ធ្វើឡើងខណៈពេលដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសកំពុងសប្បាយរីករាយពិធីបុណ្យភ្ជុំបិណ្ឌ។ហើយសាររបស់សម្តេច ហ៊ុន សែននេះជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា ត្រូវបង្កើតការប្រុងប្រយ័ត្នការពារកូវីដ-១៩ ដើម្បីបើកដំណើរការប្រទេសឡើងវិញ។
ក្នុងសារជាសំឡេងនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យមានការដើរលេខកំសាន្តក្នុងឱកាសភ្ជុំបិណ្ឌ គឺជាការសាកល្បងដ៏ធំរបស់រាជរដ្ឋាភិបាល ចំពោះបញ្ហាកូវីដ-១៩។សម្រាប់សម្តេច ប្រសិនបើក្រោយភ្ជុំបិណ្ឌ កម្ពុជាមានករណីឆ្លងកូវីដច្រើន ហើយប្រជាជនស្លាប់បាត់បង់ជីវិតដោយសារកូវីដនោះ គម្រោងបើកដំណើរការប្រទេសជាតិឡើងវិញនឹងត្រូវលុបចោល។