
ព្រះវិហារ៖ ការសាងសង់ទំនប់អាងស្តុកទឹក"រក្សា" ស្ថិតនៅលើដងស្ទឹងសែន ក្នុងព្រំប្រទល់ឃុំពុទ្រា និងឃុំរក្សា ស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ គិតត្រឹមថ្ងៃនេះសម្រេចការសាងសង់បាន៨៣%ហើយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងធនធានទឹក និងឧតុនិយម។
ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាទំនប់អាងខាងលើនេះ មានប្រវែងសរុប ២.៩៥៦ម៉ែត្រ និងអាចស្តុកទឹកបានប្រមាណ ២៥៧លានម៉ែត្រគូប ដែលបានចាប់ផ្តើមដំណើរការសាងសង់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ គិតរហូតមកដល់បច្ចុប្បន្ននេះ សម្រេចបានប្រមាណ ៨៣%ហើយ។
ឯកឧត្តមប្តថា បើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងការដ្ឋាន គម្រោងនេះគ្រោងនឹងបញ្ចប់រួចរាល់ជាស្ថាពរនាខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។
ទន្ទឹមនឹងនេះ ជាលទ្ធផលរំពឹងទុក នៅពេលបញ្ចប់ការងារសាងសង់គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹករក្សានេះ អាចនឹងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់ដំណាំកសិកម្ម នៅរដូវវស្សាបាន ១៤៣.៣២៣ ហិកតា និងនៅរដូវប្រាំងបានចំនួន ២២.៨៧៨ហិកតា ព្រមទាំងជាប្រភពដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្អាត និងជួយកាត់បន្ថយទឹកជំនន់ និងរាំងស្ងួតតាមរយ:យន្តការបច្ចេកទេសច្បាស់លាស់នៃការគ្រប់គ្រងធនធានទឹកចម្រុះរបស់ស្ទឹងសែនដែលគ្របដណ្តប់ភាគច្រើនលើទឹកដីខេត្តព្រះវិហារ និងខេត្តកំពង់ធំទៀតផង។