
ភ្នំពេញ៖ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាចុងខែវិច្ឆិកា ឆ្នាំ២០២១ ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ កាលពីថ្ងៃអង្គារម្សិលមិញ។គម្រោងសម្ពោធនេះធ្វើឡើង បន្ទាប់ពីសមិទ្ធផលប្រវត្តិសាស្ដ្រដ៏អស្ចារ្យនេះ ត្រូវបានរៀបចំពិធីប្រគល់-ទទួលលក្ខណៈបច្ចេកទេសរួចរាល់ កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ។
ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ថា ពិធីសម្ពោធនេះ គឺធ្វើយ៉ាងណាឲ្យស័ក្ដិសមទៅនឹងហេដ្ឋារចនាសម្ព័ន្ធដ៏មហិមា និងស័ក្ដិសមជានិមិត្តរូប នៃចំណងមិត្តភាពដែកថែបដ៏យូរអង្វែងរវាងកម្ពុជា-ចិន ។ដូច្នេះកម្មវិធីនេះ មានទាំងកម្មវិធីសិល្បៈវប្បធម៌ផង មានទាំងកម្មវិធីកីឡាផង ដែលយើងកំពុងស្វែងរកនូវប្រភេទកីឡាណា ដែលអាចប្រកួតជាមិត្តភាពកម្ពុជា-ចិនបាន»។
បើតាមឯកឧត្តម ថោង ខុន បច្ចុប្បន្ននេះកម្ពុជាកំពុងរៀបចំជាគណៈកម្មការរៀបចំពិធីសម្ពោធនេះ ដែលគ្រោងរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី។ ឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំឱ្យក្រុមការងារ រួសរាន់ធ្វើឲ្យទាន់ពេលវេលា និងធ្វើឲ្យមានប្រសិទ្ធភាព ហើយធ្វើឲ្យត្រឹមត្រូវតាមកិត្តិយសនៃមរតកដ៏មហាសាលនេះ។
សូមរំឮកថា កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានរៀបចំពិធីប្រគល់-ទទួល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន ។
វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់កម្ពុជា និងចិន ដែលជាផ្លែផ្ក នៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ «ខ្សែក្រវ៉ាត់ និងផ្លូវ» ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ប្រមាណ ១៥០លានដុល្លារអាមេរិក។
សំណង់ប្រវត្តិសាស្ដ្រដ៏មហាអស្ចារ្យនេះ បានសាងសង់លើផ្ទៃដី ១៦,៤ហិកតា ផ្ទៃក្រឡាសំណង់អាគារ ៨៦,០០០ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៦ម៉ឺនកៅអី ហើយសមិទ្ធផលស្ដង់ដារអន្ដរជាតិនេះ នឹងក្លាយជាទីតាំងដ៏សំខាន់ សម្រាប់ត្រៀមរៀបចំពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕