
ភ្នំពេញ៖ កិច្ចប្រជុំចរចាដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២២ បានបិទបញ្ចប់ហើយនៅថ្ងៃទី ២៨ កញ្ញានេះ។ ជាលទ្ធផល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេចរក្សាទុកនូវចំនួនប្រាក់ខែគោល១៩២ដុល្លារអាមេរិកដដែល។ ប៉ុន្តែ ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញមកអន្តរាគមន៍ដោយបានបន្ថែមទឹកប្រាក់២ដុល្លារទៅលើប្រាក់ខែចាស់នេះ។ ដូច្នេះហើយ សម្រាប់ឆ្នាំ២០២២ខាងមុខនេះ ប្រាក់ខែគោលរបស់កម្មករ និយោជិតមានចំនួន១៩៤ដុល្លារក្នុងមួយខែ។
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើង នឹងទទួលប្រាក់ឈ្នួលអប្បរមាចំនួន ១៩៤ ដុល្លារអាមេរិកក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៩២ ដុល្លារអាមេរិក ក្នុងមួយខែចំពោះកម្មករនិយោជិតសាកល្បង។
បន្ថែមលើសពីនេះ កម្មករនិយោជិតក៏នឹងទទួលបានប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន២,០០០រៀលក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និង ប្រាក់រង្វាន់អតីតភាពការងារចំនួនពី២ដុល្លារអាមេរិកដល់១១ដុល្លារអាមេរិកក្នុងមួយខែសម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ដល់ឆ្នាំទី១១។ ដូច្នេះហើយ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២១១ដុល្លារអាមេរិកដល់២២២ដុល្លារអាមេរិកក្នុងមួយខែ។ នេះបើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិតបន្ថែមនៅពេលនេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងប្រឈម បញ្ហារីករាលដាលនៃជំងឺកូវីដ ១៩ដែលធ្វើឱ្យរោងចក្រមួយចំនួននៅកម្ពុជាបានបិទទ្វារ ឬប្តូរសង្វាក់ផលិតកម្មដែលធ្វើឱ្យកម្មករនិយោជិតអស់ការងារធ្វើជាច្រើនពាន់នាក់។
ការចរចារកំណត់ប្រាក់ឈ្នួលអប្បបរមានៅថ្ងៃនេះ មានសមាសភាពចូលរួមចំនួន ៥១នាក់ មកពីភាគីនិយោជក ១៧នាក់ ភាគីរាជរដ្ឋាភិបាល ១៧នាក់ និងភាគីសហជីព ១៧នាក់ បានបោះឆ្នោតគាំទ្រលើតួលេខចំនួន៣ក្នុងនោះ តួលេខភាគីនិយោជក ១៨៨ដុល្លា គាំទ្របាន ០សំឡេង រាជរដ្ឋាភិបាល ១៩២ដុល្លារ គាំទ្រ ៤៥ សំឡេង និងសហជីព ២០៤ដុល្លារមាន ០៦សំឡេង៕