កំពង់ស្ពឺ៖ កូនសត្វខ្លាឃ្មុំធំមួយក្បាលត្រូវបានប្រជាពលរដ្ឋយកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៅការិយាលយ័ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការរលាក់កងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីបន្តការពារនិងអភិរក្ស។មន្ត្រីឧទ្យានុរក្សបានយកកូនសត្វខ្លាឃ្មុំនេះទៅថែរក្សាទុកបណ្តោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ថែរក្សាឱ្យមានសុខភាពល្អ ហើយនឹងព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។
សត្វខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus) ស្ថិតក្នុងប្រភេទសត្វកម្រ និងជិតផុតពូជ (តាមច្បាប់ស្តីពី ព្រៃឈើរបស់កម្ពុជា ) ហើយនិងត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ (VU) នៅក្នុងបញ្ជីក្រហម IUCN ថា ជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោកហើយ ត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធនៃអនុសញ្ញាCITES មាន វត្តមាននៅក្នុងប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីខាងត្បូងអាស៊ីអាគ្នេយ៍រហូតដល់អាស៊ីខាងកើត។ ខ្លាឃ្មុំធំរស់នៅក្នុងប្រភេទព្រៃជាច្រើនប្រភេទដែលរួមមាន ព្រៃស្រោងព្រៃពាក់កណ្តាលស្រោងព្រៃល្បោះចម្រុះ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា ខ្លាឃ្មុំធំត្រូវបានថយចុះដោយសារតែការបាត់បង់ទីជម្រក ការខ្វះខាតទីតាំងរកចំណី និងការបរបាញ់ដើម្បីយកសំណាកធ្វើអាជីវកម្ម។ ខ្លាឃ្មុំធំមាននៅកម្ពុជាក្នុងទីជម្រកសមស្របប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានស្នើដល់ពលរដ្ឋមួយចំនួនតូចដែល រកប្រកបរបរដាក់អន្ទាក់សត្វសូមបញ្ឈប់សកម្មភាពព្រោះជាអំពើផ្ទុយនឹងច្បាប់ ហើយបើមន្ត្រីអនុវត្តច្បាប់ចាប់បាន នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។
ឯកឧត្តមក៏បានអំពាវនាវដល់ពលរដ្ឋដែលនិយមហូបសាច់សត្វព្រៃ និងមានជំនឿថាហូបសាច់សត្វព្រៃ ឬសំណាកសត្វព្រៃជួយសុខភាពខ្លួនល្អរឹងមាំ គួរបោះបង់ចោលជំនឿនេះ ព្រោះវាមិនត្រឹមតែមិនជួយសុខភាព តែធ្វើឱ្យប៉ះពាល់សុខភាពដោយសារតែសត្វព្រៃសម្បូណ៌ដោយមេរោគ ហើយដើម្បីបញ្ឈប់ការបរបាញ់ និងដាក់អន្ទាក់ខុសច្បាប់។ ឯកឧត្តមបានឱ្យដឹងថានៅក្នុងរយៈពេល ៨ ខែមកនេះ អន្ទាក់ជាង ២ ម៉ឺនអន្ទាក់ត្រូវបានដោះប្រមូលពីក្នុងតំបន់ការពារធម្មជាតិ ជួយសង្គ្រោះសត្វព្រៃជាច្រើនក្បាល។
គួរបញ្ជាក់ថា ប្រភេទសត្វខ្លាំឃ្មុំធំនេះក៏មានវត្តមានផងដែរនៅក្នុងប្រទេសប៉ាគីស្ថាន ភូមា ថៃភាគខាងជើង ឡាវនិងប្រទេសវៀតណាម។ ខ្លាឃ្មុំធំមានមាឌធំជាងគេក្នុងចំណោមប្រភេទខ្លាំឃ្មុំទាំងអស់។ ដងខ្លួនគ្រប ដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរវេ នៅខាងក្រោមក។ ស្លឹកត្រចៀកមានទំហំធំជាងខ្លាឃ្មុំតូច និងមានប្រវែងក្បាល ដងខ្លួូនពី ១២០០ ទៅ១៥០០០មម ជាមធ្យមឈ្មោលមានទម្ងន់ពី ១១០ទៅ១៥០គីឡូក្រាម។ រីឯញីមានទម្ងន់ពី ៦៥ទៅ៩០គីឡូក្រាម។ ប្រអប់ជើង មានទម្រង់ស្រដៀងនឹង ប្រអប់ជើងមនុស្ស៕





