
ភ្នំពេញ៖ ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវបានរដ្ឋាភិបាលសម្រេចឲ្យផ្អាកចាប់ពីបិណ្ឌទី៤នៅថ្ងៃសៅរ៍ទី២៥កញ្ញាស្អែកនេះតទៅរហូតដល់ពិធីភ្ជុំបិណ្ឌ។ការសម្រេចនេះបន្ទាប់ពីមានការរកឃើញការឆ្លងរាលដាលជំងឺកូវីដ១៩ជាបន្តបន្ទាប់ ហើយសម្រាប់រាជធានីភ្នំពេញ។លោកសេង សុមុនី រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានថ្លែងក្នុងក្នុងពិធីកាន់បិណ្ឌ៣ថ្ងៃមកនេះមានវត្តចំនួន២ប៉ុណ្ណោះដែលផ្ទុះកូវីដ។
លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា នៅរយៈពេលពិធីបុណ្យកាន់បិណ្ឌចំនួន៣ថ្ងៃមកនេះ ការឆ្លងរាលដាលជំងឺកូវីដ១៩តាមទីវត្តអារាមនៅទូទាំងប្រទេសកម្ពុជាមានតែចំនួន២វត្តតែប៉ុណ្ណោះ។
បើតាមលោក សេង សុមុនី វត្តចំនួន២នោះ ស្ថិតនៅក្នុងរាជធានីភ្នំពេញមានតួយ៉ាងដូចជាវត្តនាគវ័ន្ត នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក និង វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ដែលមានទីតាំងស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។វត្តទាំង២នេះ ត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់រយៈពេល ១៤ ថ្ងៃ ក្រោយរកឃើញមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
លោក សេង សុមុនី ថ្លែងថា "របាយការណ៍ពីមន្ទីរធម្មការ និងសាសនា រាយការណ៍មកកាន់ក្រសួងធម្មការនិងសាសនា គឺមិនមានវត្តអារាមនៅតាមខេត្តឆ្លងរីករាលដាលកូវីដ-១៩នោះទេ មានតែវត្ត២ប៉ុណ្ណោះនៅភ្នំពេញ។"
គួរបញ្ជាក់ថា ការឆ្លងរាលដាលជំងឺកូវីដ១៩តាមទីវត្តអារាម បានចាប់ផ្តើមកើតមានតាំងពីថ្ងៃកាន់បិណ្ឌទី១ នៅឯវត្តនាគវ័ន្តក្នុងរាជធានីភ្នំពេញ ហើយជាបន្តបន្ទាប់កាលពីថ្ងៃ២៣កញ្ញា អាជ្ញាធរបានរកករណីឆ្លងនៅឯវត្តចំពុះក្អែក ខណ្ឌច្បារអំពៅ ដែលមានករណីឆ្លងសរុបចុងក្រោយចំនួន៤៩នាក់ ក្នុងនោះពលរដ្ឋចំនួន៣នាក់ និងព្រះសង្ឃ៤៦អង្គ។
ដើម្បីបញ្ចៀសការឆ្លងរាលដាលជាបន្តនៃជំងឺកូវីដ១៩ទ្រង់ទ្រាយធំ រាជរដ្ឋាភិបាលកម្ពុជា បានបង្ខំចិត្តផ្អាកពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌចាប់ពីបិណ្ឌទី៤តទៅ និង បានណែនាំឲ្យអាជ្ញាធរតាមមូលដ្ឋានរៀបចំសម្រួលការប្រគេនចង្ហាន់ និងទេយ្យវត្ថុនានាដល់ព្រះសង្ឃនៅតាមទីវត្តអារាមទូទាំងប្រទេសផងដែរ៕